(សៀមរាប)៖ ជំងឺកូវីដ១៩ បានធ្វើឱ្យមនុស្សគ្រប់គ្នាខ្លាចរអា ព្យាយាមគេចេញ និងការពារកុំឱ្យមេរោគឆ្លង។ តែសម្រាប់ក្រុមគ្រូពេទ្យដែលមានកាតព្វចាំបាច់ក្នុងការជួយសង្គ្រោះជីវិតមនុស្សនោះ បានក្រាញននៀលជាមួយអ្នកជំងឺ ឬអ្នកត្រូវជួយសង្គ្រោះ ទោះបីពួកគេមានជំងឺកូវីដ១៩យ៉ាងណាក្តី។

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ មានស្ត្រីកើតជំងឺកូវីដ១៩ ចំនួន ៧នាក់ទៀត ដល់ពេលត្រូវសម្រាលកូន ហើយស្វែងរកសេវាសម្រាលពីមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ធបុប្ផាទី៣។

បើទោះបីត្រូវប្រឈមនឹងបញ្ហាជំងឺកូវីដ១៩ តែតម្លៃសីលធម៌វិជ្ជាជីវៈ ដែលត្រូវតែជួយមនុស្សជាសំខាន់នោះ ក្រុមគ្រូពេទ្យផ្នែកសម្ភពនៃមន្ទីរពេទ្យគន្ធបុប្ផាទី៣ ក្នុងខេត្តសៀមរាប បានគ្រងសម្លៀកបំពាក់បង្ការជំងឺកូវីដ១៩ ហើយរួមគ្នាជួយសម្រាលកូនជូនស្ត្រីទាំង៧នាក់ រហូតដល់ទទួលជោគជ័យ។

ស្ត្រីផ្ទុកជំងឺកូវីដ១៩ ដែលត្រូវបានសម្រាលនោះរួមមាន៖

១៖ ស្ត្រីអាយុ ៣១ឆ្នាំ សម្រាលកូនតាមធម្មជាតិបានកូនស្រីទម្ងន់ ៣.៦គីឡូក្រាម
២៖ ស្ត្រីអាយុ ២២ឆ្នាំ សម្រាលកូនតាមធម្មជាតិ បានកូនស្រីទម្ងន់ ៣.២គីឡូក្រាម
៣៖ ស្ត្រីអាយុ ៣៦ឆ្នាំ សម្រាលបានកូនស្រីទម្ងន់ ២.៩គីឡូក្រាម
៤៖ ស្ត្រីអាយុ ២៥ឆ្នាំ សម្រាលបានកូនស្រីទម្ងន់ ៣.២គីឡូក្រាម
៥៖ ស្ត្រីអាយុ ៤០ឆ្នាំ សម្រាលបានកូនប្រុសទម្ងន់ ២.៩គីឡូក្រាម
៦៖ ស្ត្រី អាយុ ២៩ឆ្នាំ សម្រាលបានកូនប្រុសទម្ងន់ ២.៩គីឡូក្រាម
៧៖ ស្ត្រីអាយុ ២៤ឆ្នាំ សម្រាលកូនតាមធម្មជាតិបានកូនស្រីទំងន់ ៣.១គីឡូក្រាម

កាលពីសប្តាហ៍កន្លងទៅ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបនេះ ក៏បានជួយសម្រាលកូនជូនស្ត្រីកើតជំងឺកូវីដ១៩ បានចំនួន ៧នាក់ផងដែរ។ ក្នុងនោះមានស្ត្រីខ្លះសម្រាលដោយធម្មជាតិ និងខ្លះទៀតដោយការវះកាត់។

ជាមួយការសម្រេចបានបេសកកម្មក្នុងសម្រាលកូនជូនស្ត្រីៗមានផ្ទុកមេរោគកូវីដ១៩ទាំងនេះ បាននាំឱ្យមានការសាទរ និងកោតសរសើរដល់ការប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យពីសំណាក់សាធារណជនផងដែរ។

រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា គឺមិនមានគិតថ្លៃនោះឡើយសម្រាប់មនុស្សគ្រប់គ្នា និងគ្មានការរើសអើងនោះឡើយ។ មន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានប្រឹងប្រែងបំពេញបេសកកម្មនេះដោយជោគជ័យ។

មន្ទីរពេទ្យគន្ធបុប្ផា ក៏បានថ្លែងអំណរគុណមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស ព្រមទាំងសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគធនធានរបស់ខ្លួន ដើម្បីទ្រទ្រង់ដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា បន្តបេសកកម្មក្នុងការជួយដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកខ្វះខាត៕