(កែប)៖ តាមការឱ្យដឹងពីលោក សំ ប្រជាមានិត អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងជាប្រធានគណៈកម្មការរៀបចំសម្រាប់ការដាក់ឱ្យដំណើរការ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប បានឱ្យដឹងថា យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤២១/៣៤៥ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១, សាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប នឹងត្រូវប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ពោលគឺចំថ្ងៃនៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ការដាក់ឱ្យដំណើរការជាផ្លូវការនៃសាលាដំបូងខេត្តកែបនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយរបស់ខេត្តកែប ដែលខេត្តកែបជាខេត្តចុងក្រោយគេរបស់កម្ពុជា ដែលពុំទាន់មានសាលាដំបូង និងអយ្យការអមសាលាដំបូងនៅឡើយ ហើយនេះក៏ជាសមិទ្ធផលថ្មីមួយទៀតផងដែរ ក្នុងក្របខណ្ឌនៃការអនុវត្តការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក្រោមការដឹកនាំរបស់ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។

យោងតាមច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ, សាលាដំបូងជាសាលាជម្រះក្ដីថ្នាក់ទីមួយ ដែលត្រូវបង្កើតឱ្យមាននៅរាជធានីភ្នំពេញ និងនៅគ្រប់ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ សាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប គឺជាសាលាជម្រះក្ដីថ្នាក់ទីមួយសម្រាប់ខេត្តចុងក្រោយគេ ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការ។ កន្លងមករឿងក្ដីទាំងឡាយដែលកើតឡើងនៅក្នុងដែនដីខេត្តកែប ត្រូវ បានដោះស្រាយក្រោមសមត្ថកិច្ចរបស់សាលាដំបូងខេត្តកំពត និងអយ្យការអមសាលាដំបូងខេត្តកំពតដែលប្រការនេះ បានបង្កនូវការលំបាកដល់ប្រជាពលរដ្ឋក្នុងខេត្តកែប ដែលត្រូវធ្វើដំណើរឆ្ងាយ និងចំណាយពេល វេលាច្រើនសម្រាប់ការប្រើប្រាស់សេវាយុត្តិធម៌ម្ដងៗ។

សាលាដំបូងខេត្តកែប មានអាស័យដ្ឋានស្ថិតនៅដីឡូត៍ លេខ៤០៦ ផ្លូវជាតិលេខ៣៣A ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ ទីតាំងនេះគឺជាទីតាំងបណ្ដោះ អាសន្នដែលក្រសួងយុត្តិធម៌ ដោយមានការគាំទ្រផ្នែកថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួលដី និង អាគារពីឯកជន សំដៅធ្វើយ៉ាងណាដាក់ឱ្យដំណើរការសាលាដំបូងខេត្តកែបនេះ ឱ្យបានឆាប់រហ័សតាមដែល អាចធ្វើទៅបាន ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋក្នុងខេត្តកែប ក្នុងការប្រើប្រាស់សេវាយុត្តិធម៌។ បើយោងតាមលោក សំ ប្រជាមានិត, ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកែប ក៏បានផ្ដល់ជូនក្រសួងយុត្តិធម៌ រួចហើយនូវដីដើម្បីរៀបចំជាទីតាំងសម្រាប់សាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប ហើយក្រសួងយុត្តិធម៌សង្ឃឹមថា នឹងអាចសាងសង់អាគារសាលាដំបូងខេត្តកែបនៅលើទីតាំងអចិន្ត្រៃយ៍ របស់ខ្លួនបាននាពេលខាងមុខ។

លោក សំ ប្រជាមានិត ក៏បានលើកឡើងផងដែរថា សាលាដំបូងខេត្តកែបមានសមត្ថកិច្ចជំនុំជម្រះរឿងក្ដី ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួនចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ៕