(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាស ដាក់ឱ្យដំណើរជាផ្លូវការនូវ សាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ដែលចំនឹងទិវារដ្ឋធម្មនុញ្ញ។

បើតាមសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌, យោងតាមច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សាលាដំបូងជាសាលាជម្រះក្តីថ្នាក់ទីមួយ ដែលត្រូវបង្កើតឱ្យមាននៅរាជធានីភ្នំពេញ និងនៅគ្រប់ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ សាលាដំបូងខេត្តកែប និងអយ្យការអម សាលាដំបូងខេត្តកែប គឺជាសាលាជម្រះក្តីថ្នាក់ទីមួយនៅតាមខេត្តចុងក្រោយគេ ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការ។

ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវសាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលមាន អាសយដ្ឋាននៅទីតាំងជួលជាបណ្តោះអាសន្ន ស្ថិតនៅដីឡូតិ៍លេខ៤០៦ ផ្លូវជាតិលេខ៣៣A ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌៖