(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានជំរុញណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ដែលមានតួនាទីអនុវត្តន៍ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតការពារសុវត្ថិភាពជូនពលរដ្ឋ ជាពិសេសការពាពីការឆ្លងជំងឺកូវីដ១៩ នៅតាមទីសាធារណៈ និងត្រូវការពារសុវត្តិភាពខ្លួនឯងផងដែរ បើទោះបីធ្លាប់មានបទពិសោធន៍ នាពេលកន្លងមកហើយក៏ដោយ។

តាមរយៈសេចក្តីណែនាំរបស់រដ្ឋបបាលខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានរដ្ឋបាលខេត្តបានណែនាំដូចខាងក្រោម៖

*មន្ទីរធម្មការ និងសាសនាខេត្ត សហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរលំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទប្រារព្ធពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ រៀបចំបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរួមជាតិ និងបុព្វបុរសដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយអនុវត្តនូវវិធានការពារនានារបស់ក្រសួងសុខាភិបាល គឺពាក់ម៉ាស់ ធ្វើការវាស់កម្តៅ រក្សាអនាម័យ លាងដៃនឹងសាប៊ូ ឬអាល់កុល ជែល និងរក្សាគម្លាតសង្គម-បុគ្គលជាពិសេសត្រូវនប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

*ត្រប់វត្តអារាម ត្រូវរៀបចំសម្ភាតបូជនីយដ្ឋានម្ហូប កន្លែងអដ្ឋិធាតុបងប្អូនជនរួមជាតិ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ និងតុបតែងលម្អដោយរបំភ្លឺភ្លើងពណ៌ លើកទង់ជាតិទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ដើម្បីអបអរសាទរតាមប្រពៃណីព្រះពុទ្ធសាសនា ។

*រៀបចំកន្លែងវាស់កម្ដៅ និងបាញ់អាល់កុលលាងដៃ ឬទឹកដែលលាងដៃ សម្រាប់រាល់ពុទ្ធបរិស័ទទាំងអស់ កុំឱ្យមានការធ្វេសប្រហែសនៅមុខច្រកចេញ-ចូលខ្លោងទ្វារនីមួយៗ។

*ចាត់ចែងឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ដោយមានគម្លាតពីគ្នាយ៉ាងតិច ១.៥ម៉ែត្រ គ្រប់ពេលដែលពុទ្ធបរិស័ទចូលក្នុងទីវត្តអារាម ព្រះវិហារ សាលាឆាន់ និងកុដិនីមួយៗ។

*ចាត់ចែងឱ្យមានរក្សាគម្លាតពីគ្នា យ៉ាងតិច១.៥ម៉ែត្រ ក្នុងពេលប្រគេនចង្ហាន់ បច្ច័យ និងគ្រឿងឧបភោគ បរិភោគដល់ព្រះសង្ឃ។

*ព្រះសង្ឃគ្រប់ព្រះអង្គ ដូនជី តាជី និងពុទ្ធបរិស័ទទាំងអស់ ត្រូវពាក់ម៉ាស់គ្រប់ៗគ្នា។

*ជៀសវាងការកកកុញ និងមានសភាពអ៊ូអរ ពុទ្ធបរិស័ទត្រូវផ្លាស់ប្តូរវេនគ្នា ឡើងលើសាលាឆាន់ ព្រះវិហារ កុដិ និងពេលព្រះសង្ឃដារបង្សុកូល ឧទ្ទិសកុសលផលបុណ្យទុកតែលោកអាចារ្យ ដូនជី តាជី ដែលមានភារកិច្ចឧទ្ទិសកុសលតែប៉ុណ្ណោះ។

*អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវចាត់កម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការណ៍ការពារការឆ្លងជំងឺកូវី១៩៕