(កែប)៖ អាជ្ញាធរជំនាញខេត្តកែប បានប្រាប់ Fresh News នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦នេះថា ស្ថានភាពទឹកសមុទ្រនៅខេត្តកែប ដែលកន្លងមកប្រែពណ៌បៃតងខុសធម្មតានោះ ពេលនេះមានភាពល្អប្រសើរឡើងវិញហើយ ប៉ុន្តែអាជ្ញាធរនៅមិនទាន់អនុញ្ញាតឲ្យប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ ងូតទឹកនៅឡើយទេ។
លោក អ៉ឹម បញ្ញារិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្តកែប បានឲ្យដឹងថា ទឹកសមុទ្រនៅតំបន់មួយចំនួនក្នុងខេត្តកែប ដែលប្រែពណ៌ទៅជាលឿងនោះ ពេលនេះបានត្រឡប់ទៅជាពណ៌ធម្មតាវិញហើយ ដោយនៅសល់តិចតួចប៉ុណ្ណោះ។ លោកបន្ថែមថា ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់ឲ្យភ្ញៀវទេសចរងូតលេងកំសាន្តទេ ដោយរង់ចាំការធ្វើកោសល្យវិច័យលើទឹកសមុទ្រខាងលើនេះ ចេញជាលទ្ធផលសិន។ លោកថាលទ្ធផលនោះអាចចេញនៅអំឡុងពេល ៥ថ្ងៃ។
លោក អ៉ឹម បញ្ញារិទ្ធិ បាននិយាយថា ការដែលទឹកសមុទ្រប្រែជាពណ៌បៃតងកន្លងមកនេះ ដោយសារតែការកើនឡើងនៃកម្រិតជាតិស្លែ ហើយបាតុភូតនេះទើបនឹងកើតមានជាលើកទី១ ប៉ុណ្ណោះនៅក្នុងខេត្តកែប និងប្រទេសកម្ពុជា។
កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ប្រជាពលរដ្ឋខេត្តកែប មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញទឹកសមុទ្រនៅខេត្តកែប ប្រែពណ៌បៃតងខ្ចីខុសធម្មតា ហើយសត្វសមុទ្រជាច្រើនដូចជា មឹក បង្គា និងសត្វសមុទ្រមួយចំនួនទៀត បានងាប់ជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុច្បាស់លាស់។ ពលរដ្ឋមានការព្រួយបារម្មថាបាតុភូតនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវដែលទៅកំសាន្តនៅសមុទ្រ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅជុំវិញ។
ទោះជាយ៉ាងណារហូតមកដល់ពេលនេះ សមត្ថកិច្ចពាក់ព័ន្ធកំពុងរកវិធានការដោះស្រាយ ប៉ុន្តែមិនទាន់មានដំណោះស្រាយនៅឡើយទេ។
សូមបញ្ជាក់ថា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំអ្នកជំនាញពាក់ព័ន្ធចុះពិនិត្យជាក់ស្ដែងនៅឆ្នេរកែប និងកោះទន្សាយផងដែរ៕