(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងមានសារលិខិតចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ» ដែលកិច្ចប្រជុំនេះនឹងដឹកនាំដោយ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១។ នេះបេីតាមសេចក្តីប្រកាសក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

កិច្ចប្រជុំកំពូលនេះ នឹងផ្តោតទៅលើការចាក់វ៉ាក់សាំងពិភពលោក ការសង្រ្គោះជីវិត ការកសាងឱ្យបានប្រសើរឡើងវិញនូវសន្តិសុខសុខភាព និងការធ្វើសកម្មភាពដើម្បីវឌ្ឍនភាព និងធ្វើការឯកភាពទៅលើសេចក្តីព្រាងគោលដៅ (draft Targets)។

សុន្ទរកថារបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងផ្តោតជាសំខាន់ទៅលើភាពចាំបាច់បន្ទាន់ក្នុងការរួមគ្នាបញ្ឈប់ជំងឺកូវីដ-១៩ ក្នុងចេតនាស្មោះត្រង់និងមនុស្សធម៌ ដោយគ្មានរបៀបវារៈនយោបាយនៅពីក្រោយ ភាពមិនច្បាស់លាស់នៃជំងឺកូវីដ-១៩ និងផលរំខានទៅលើសកម្មភាពសេដ្ឋកិច្ច-សង្គម និង សារៈសំខាន់ក្នុងការកំណត់នូវរាល់វ៉ាក់សាំងទាំងអស់ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ជាទំនិញយុទ្ធសាស្រ្តសកលដ៏សំខាន់ ដោយគ្មានការរើសអើង៕