(បាងកក, ថៃ)៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសថៃ បានជួបពិភាក្សាគ្នា ដើម្បីរិះរកនូវការគាំពារដល់ពលករខ្មែរកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ ជាពិសេសក្នុងគ្រាជួបការលំបាកបណ្តាលមកពីការរីករាលដាលជំងឺកូវីដ១៩។

ជំនួបបានធ្វើឡើងនៅស្ថានឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសថៃ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ។ ក្នុងជំនួបនេះ លោកបណ្ឌិត សុខ សុក្រឹត្យា និងលោក អ៊ូក សោភ័ណ បានពិភាក្សាផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកលើទិន្ន័យពលករខ្មែរចំណាកស្រុកនៅប្រទេសថៃ ការលំបាក ព្រមទាំងបញ្ហាប្រឈមមួយចំនួនរបស់ស្ថានទូត ក្នុងការដោះស្រាយបញ្ហាពលករខ្មែរចំណាកស្រុក ទាំងស្របច្បាប់ និងមិនស្របច្បាប់ ជាពិសេសក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។

បើទោះបីជាយ៉ាងណាទាំងលោកបណ្ឌិត សុខ សុក្រឹត្យា និងលោក អ៊ូក សោភ័ណ បានប្តេជ្ញាធ្វើការឱ្យជិតស្និទ្ធជាមួយគ្នា ដើម្បីស្វែងរកការអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធរបស់ថៃ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលករ ជាពិសេសជំរុញការចាក់វ៉ាក់សាំងជូនពួកគេ។

នៅក្នុងជំនួបនោះលោកបណ្ឌិត សុខ សុក្រឹត្យា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់លោកឯកអគ្គរាជទូត ព្រមទាំងមន្ត្រីការទូតទាំងអស់ និងបានជម្រាបជូនព័ត៌មានពាក់ព័ន្ធនឹងកម្ពុជាត្រៀមបើកទទួលទេសចរអន្តរជាតិតាមរយៈកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំង និងការត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាននៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោក អ៊ូក សោភ័ណ បានជម្រាបជូនលោកបណ្ឌិត សុខ សុក្រឹត្យា អំពីកិច្ចខិតខំប្រឹងប្រែងលើការងារអាទិភាពរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក៏ដូចជាមន្ត្រីការទូតទាំងអស់ក្នុងការជំរុញ «គោលនយោបាយការទូតសេដ្ឋកិច្ច-Economic Diplomacy» ដែលជាគំនិតផ្តួចផ្តើមរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ គោលនយោបាយនេះ ផ្តោតសំខាន់ដល់ការជំរុញពាណិជ្ជកម្មអន្តរជាតិ ការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការលើកកម្ពស់វិស័យទេសចរណ៍ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩។

លោក អ៊ូក សោភ័ណ និងមន្ត្រីការទូតទាំងអស់ប្តេជ្ញាបន្តខិតខំបំពេញបេសកកម្មជូនជាតិ និងប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសថៃ ឱ្យអស់ពីកម្លាំងកាយចិត្ត និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់គោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ៕