(ភ្នំពេញ)៖ ដើម្បីរួមចំណែកចែករំលែក នូវចំណេះដឹងដល់សាធារណជន និយ័តករបរធនបាល បានរៀបចំនូវអត្ថបទថ្មីមួយទៀត ពន្យល់ពី កាតព្វកិច្ចរបស់បរធនបាល។

បរធនបាលមានកាតព្វកិច្ចជាអាទិ៍ដូចខាងក្រោម៖

* ដាក់ពាក្យចុះបញ្ជីបរធន មកនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) តាមបែបបទ និងនិតិវិធីដូចមានចែងក្នុងមាត្រា២៨ នៃច្បាប់ស្តីពីបរធនបាលកិច្ច (២០១៩) ដែលបានចែងថាបរធនបាលកិច្ចទាំងអស់ មានសុពលភាព លុះត្រាតែចុះបញ្ជីនៅ ន.ប.ធ. ក្នុងរយៈពេលមិនលើសពី៣ (បី) ខែបន្ទាប់ពីកាលបរិច្ឆេទ នៃការបង្កើតបរធនបាលកិច្ច

* បែងចែកឱ្យច្បាស់លាស់រវាងទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិបរធនបាលកិច្ច និងគ្រប់គ្រងទ្រព្យសម្បត្តិបរធនបាលកិច្ច ដោយយកចិត្តទុកដាក់ និងដោយប្រុងប្រយ័ត្ន

* រក្សាភាពស្មោះត្រង់ និងសុចរិត ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិបរធនបាលកិច្ច

* មិនអាចផ្ទេរមុខងាររបស់ខ្លួន ទៅបុគ្គលផ្សេងទៀតបានឡើយ

* គ្រប់គ្រង និងចាត់ចែងលើទ្រព្យសម្បត្តិបរធនបាលកិច្ច ឱ្យមានប្រសិទ្ធភាព និងសក្តិសិទ្ធភាព ដើម្បីជាប្រយោជន៍របស់អត្ថគាហកៈ

* ចុះបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិ បរធនបាលកិច្ច

* រាយការណ៍ និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងបរធនបាលកិច្ចឱ្យ របាលកិច្ចទាយក, អត្ថគាហកៈ និងបញ្ញត្តិករពាក់ព័ន្ធ

* រក្សាកំណត់ហេតុនៃកិច្ចប្រជុំ រៀបចំគណនីប្រចាំ និងឆ្លើយតបទៅនឹង
បញ្ញត្តិករពាក់ព័ន្ធ

* ចាត់វិធានការសមស្រប ដើម្បីការពារទ្រព្យសម្បត្តិបរធនបាលកិច្ច និង
អត្ថគាហក:

* បង់ពន្ធគ្រប់ប្រភេទ ដែលទាក់ទងទៅនឹងទ្រព្យសម្បត្តិបរធនបាលកិច្ច

* ចុះកិច្ចសន្យាធានារ៉ាប់រង លើការទទួលខុសត្រូវ ក្នុងមុខងារជាបរធនបាល

* ផ្តល់របាយការណ៍ហិរញ្ញវត្ថុជាប្រចាំ ទៅបញ្ញត្តិពាក់ព័ន្ធ និងទៅ ន.ប. ធ.

* មិនអាចទទួលយកផលប្រយោជន៍ ពីគតិយជនបានឡើយ ក្នុងករណីមាន ទំនាស់ផលប្រយោជន៍ និងគោរពតាមលក្ខខណ្ឌដែលកំណត់ដោយ លិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន៕