(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានឱ្យដឹងថា ទោះបីជាប្រទេសជាតិជួបបញ្ហាការរាតត្បាតជំងឺកូវីដ១៩ ដល់សហគមន៍យ៉ាងណាក្តី តែរយៈពេល០១ឆ្នាំកន្លងមកនេះ ក្រោមកត្តាសាមគ្គីភាពឯកភាពផ្ទៃក្នុង កិច្ចសហការបានល្អ រវាងកងកម្លាំង និងសប្បុរសជនបានចូលរួមចំណែកសាងសង់អាគារជាច្រើន ក្នុងបរិវេណអង្គភាព នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានដឹកនាំកងកម្លាំង និមន្តព្រះសង្ឃសូត្រមន្តប្រោះព្រំសុំពរជ័យសិរីសួស្តីអគារគេហដ្ឋានមុខងារ ដែលទើបសាងសង់រួច។

លោកស្នងការបានបន្តថា ដោយឡែកអគារទើបសាងសង់រួចជាស្ថាពរនាពេលថ្មីៗនេះ គឺអគារគេហដ្ឋានមុខងារមាន០២ជាន់ ទំហំ៥ម៉ែត្រ គុណ១៣ម៉ែត្រ ក្រាលការ៉ូ ជញ្ជាំងឥដ្ឋ ដំបូលក្រាលបេតុង។ រីឯអគារមួយចំនួនទៀត ដែលដំណើរការសាងសង់សម្រេចបានលទ្ធផលចំនួន ៦៥% មានដូចជា៖

*ទី១៖ អគារអន្តរាគមន៍មានទំហំ៧,៥០ម៉ែត្រ គុណ ៣៦,៣០ម៉ែត្រ ក្រាលការ៉ូ ជញ្ជាំងឥដ្ឋ ដំបូលប្រក់ស៊ីប្រូ ចែកចេញជាបន្ទប់ដាច់ដោយឡែកដូចជាបន្ទប់ស្នាក់នៅអគារបរិភោគម្ហូបអាហារ បន្ទប់អនាម័យ សម្រាប់ផ្តល់ជាទីកន្លែងដល់កងអន្តរាគមន៍ផ្លាស់ប្ដូរវេនប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ក្នុងអង្គភាពរង់ចាំអនុវត្តច្បាប់គោលការណ៍បទបញ្ជារបស់ថ្នាក់ដឹកនាំ និងសម្រាប់កិច្ចប្រតិបត្តិការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក៏ដូចជាកិច្ចអន្តរាគមន៍ សង្គ្រោះដល់ប្រជាពលរដ្ឋបានទាន់ពេលវេលានាគ្រាជួបលំបាក។

*ទី២៖ អគារសាលប្រជុំមានទំហំហំ ១៤ម៉ែត្រ គុណ៣៩ម៉ែត្រ ជញ្ជាំងឥដ្ឋ ដំបូលប្រក់ស៊ីប្រូ ចែកចេញជាសាលប្រជុំធំ, សាលប្រជុំតូច ឬបន្ទប់រង់ចាំ បន្ទប់អនាម័យបុរស នារី ក្នុងអគារបំពាក់ទៅដោយគ្រឿងអេឡិចត្រូនិកទំនើបទាន់សម័យដើម្បីបង្ករលក្ខណ:ងាយស្រួល ក្នុងការបំពេញភារកិច្ច កិច្ចប្រជុំនានា ក៏ដូចជាបើកវគ្គបណ្ដុះបណ្ដាលវិស័យធនធានមនុស្ស ដល់មន្ត្រីក្រោមឱវាទពង្រឹងសមត្ថភាពជំនាញបានគ្រប់គ្រាន់ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ និងសង្គមជាតិក្នុងបេសកកម្មរបស់កងកម្លាំងនគរបាលជាតិ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ បានដាស់តឿនដល់កងកម្លាំងបានចូលរួមអនុវត្តវិធានការជំនាញក្រោមការដឹកនាំចង្អុរបង្ហាញពីសំណាក់ថ្នាក់ដឹកនាំ ដើម្បីបង្ក្រាបបទល្មើសគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។

លោកស្នងការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់កងកម្លាំង និងពីសប្បុរសជន ធ្វើអង្គភាព សម្រេចបានសមិទ្ធផល និងបានជូនពរជ័យដល់កងកម្លាំង និងសប្បុរសជនសូមសមប្រកប ជួបប្រទះតែពុទ្ធពរជ័យ និងជៀសផុតពីជំងឺកាចសាហាវនានា ជាពិសេសជំងឺកូវីដ១៩៕