(ភ្នំពេញ)៖ កង់ដឹកសំរាមដើរដោយអាគុយ ដែលខណ្ឌស៊ីឆឹង ទីក្រុងប៉េកាំង ផ្តល់ជូនមកសាលាខណ្ឌដូនពេញ តាមរយ:ការចងសម្ព័ន្ធភាពជាមួយគ្នានោះ ឥឡូវកង់ទាំងនេះ បានបង្ហាញវត្តមាន និងយកមកប្រើប្រាស់ហើយ នៅទឹកដីខណ្ឌដូនពេញ ដើម្បីរើស និងដឹកសំរាម លើដងផ្លូវ ទីសាធារណ: និងនៅលើសួនច្បារជាដើម។

ជាក់ស្តែងនៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ គេឃើញលោកអភិបាលខណ្ឌដូនពេញ គួច ចំរើន បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ ប្រើប្រាស់កង់ដឹកសំរាមដើរដោយអាគុយនេះ ប្រមូលសំរាមតាមដងផ្លូវសុធារស ផ្សារចាស់ ព្រះបរមរាជវាំង កាំបូឌីយ៉ាណា សួនវិមានឯករាជ្យ។

លោក គួច ចំរើន បានថ្លែងថា តាមរយ:កង់ដឹកសំរាមដើរដោយអាគុយនេះ នឹងជួយសំរួលបន្ថែមទៀតលើការជួយ រើស និងដឹកសំរាម ដែលត្រូវគេចោលតាមដងផ្លូវ និងទីសាធារណ: គោលបំណងជួយលើកតម្កើងសោភ័ណភាព ទីក្រុងរបស់យើង៕