(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសុំឲ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងមមាញឹកចេញទៅតាមបណ្តា ខេត្ត និងទីកន្លែងនានា ដើម្បីពូនផ្នូរ និងឆេងម៉េង ឲ្យជីដូនជីតាសាច់ញាតិរបស់ខ្លួននោះ ឲ្យបើកបរដោយការប្រុងប្រយ័ត្ន និង គោរព ច្បាប់ចរាចរណ៍។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងលើ Facebook របស់សម្តេចនាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦នេះថា «ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃ  ណីជាតិ ក៏ជិតមកដល់ ទន្ទឹមនឹងនេះ បងប្អូនយើងមួយចំនួនធំ ក៏កំពុងមមារញឹកនិងពិធីសែនឆេងម៉េង ដែលយើងសង្កេតឃើញមាន រថយន្តតូចធំធ្វើដំណើរទៅតាមបណ្តាខេត្តរួមដំណើរជាមួយសាច់សារលោហិត មានផ្លែឈើ នំចំណី និងជ្រូកខ្វៃជាដើម»

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋបើកបរដោយគោរពច្បាប់ចរាចរណ៍ និងកុំជែងគ្នា ដើម្បីភាពសុខសាន្តក្នុង ពេលធ្វើដំណើរ។ សម្តេចតេជោ បានថ្លែងអំពាវនាវយ៉ាងដូច្នេះ «សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ យោគយល់អធ្យាស្រ័យល្អ ឲ្យគ្នាទៅវិញទៅមក។ សូមកុំបើកបរប្រជែងគ្នា ឬបើកវ៉ាលឿនលើផ្លូវកោង និងទីប្រជុំជនតូចចង្អៀត»

សម្តេចនាយករដ្ឋមន្រ្តី ដែលបានរំដោះយកជីវិតពលរដ្ឋខ្មែរចេញពីវាលពិឃាតក្នុងរបបប៉ុលពត ក៏បានជូនពរឲ្យពលរដ្ឋខ្មែរមានសុវត្ថិ ភាពគ្រប់ទីកន្លែង និងសប្បាយរីករាយនៅក្នុងថ្ងៃចុងសប្តាហ៍នេះផងដែរ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០១៦នេះ ស្ទើរតែគ្រប់ផ្លូវជាតិសំខាន់ៗចេញពីរាជធានីភ្នំពេញ ត្រូវបានគេ មើលឃើញមានស្ថានភាពកក់ស្ទះខ្លាំង ដោយសារចំនួនរថយន្តរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានចេញពីរាជធានីភ្នំពេញ  ដើម្បីទៅកាន់ផ្នូរសាច់ញាតិរបស់ពួកគេធ្វើពិធីពូនផ្នូរ តាមប្រពៃណីខ្មែរ ឬ ឆេងម៉េង តាមប្រពៃណីរបស់ជនជាតិចិននោះ៕