(ភ្នំពេញ)៖ រនាំងដែកបែងចែកទ្រូងផ្លូវ ចំនួន១៩ផ្ទាំង បានបាក់ និងទ្រេត ដោយសារតែអ្នកស្រវឹងស្រាបើកបុក នៅយប់ថ្ងៃទី២ និងរំលងអាធ្រាតឈានចូល ថ្ងៃទី៣ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដូនពេញ ប៉ុន្តែរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ជាប់ ហើយបញ្ជូនទៅការិយាល័យចរាចរណ៌ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយតាមច្បាប់។

ករណីទី១៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន១០ផ្ទាំង បានបាក់រ៉ាយប៉ាយពេញផ្លូវ ដោយសារតែបុរសម្នាក់ ទំនងជាស្រវឹងស្រា បើករថយន្ត Hihglander រេចង្កូតបុករះពេញទំហឹង កាលពីវេលាម៉ោង១១៖៥០នាទីយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក Highlander ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AA-6326 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា តាមបណ្តោយផ្លូវសហព័ន្ឋរ៉ុស្សី ទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតេហតុ បានរេចង្កូតបុករះរនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់១០ផ្ទាំង ចំណែករថយន្តរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ ។

ក្រោយកើតហេតុអ្នកបើករថយន្ត បង្កររូបនោះបានគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែរថយន្ត នៅនឹងកន្លែងកើតហេតុ ហើយហេតុការណ៍នេះ ក៏មិនបង្កឱ្យនណារម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្ត និងបាក់រនាំងដែកតែប៉ុណ្ណោះ​ ។  

ករណីទី២៖ រថយន្តតូយូតាម៉ាកព្រូស ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AG-9347 សង្ស័យស្រវឹងបើកបរជ្រុលទៅបុក រនាំងដែកអស់ចំនួន៧ផ្ទាំងបាក់ និង២ផ្ទាំងទ្រេតហើយបណ្ដាលឲ្យ រថយន្តដាច់កង់មុខខាងឆ្វេង បើកលេងទៅមុខ។ ករណីនេះកើតឡើងនៅវេលាម៉ោង១៖៣០នាទីរំលងអាធាត្រឈាន ចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១៦ តាមផ្លូវព្រះមុនីវង្ស ស្ថិតនៅភូមិ៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

រថយន្តបង្កហេតុម៉ាកព្រូស ពណ៌ទឹកប្រាក់ បើកដោយយុវជនមាន៣ទៅ៤ម្នាក់ បើកយ៉ាងលឿនតាមផ្លូវព្រះមុនីវង្ស ពីត្បូងមកជើង ក៏ជ្រុលទៅបុករនាំងដែក រ៉ាយប៉ាយពេញផ្លូវហើយ ចំណែករថយន្តក៏ដាច់កង់មុខ ទៅមុខរួចក៏ចុះពីលើរថយន្ត ហើយក៏មានមិត្តភក្តិជិះម៉ូតូមកយកទៅបាត់ បន្សល់តែមិត្តភក្តិដែលជិះជាមួយ ហើយសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ដើម្បីមើលការខូចខាតសម្បត្តិរដ្ឋ ។

ក្រោយមកសមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ៕

Posted by Fresh News Photo on Saturday, April 2, 2016