(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែមេសានេះ បានចេញសេចក្តីណែនាំដល់ ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ពីការផ្អាកចុះងូតទឹក និងទទួលទានអាហារសមុទ្រ ពិសេសនៅតាមឆ្នេរខ្សាច់កោះទន្សាយ និងបណ្តាកោះផ្សេងទៀត ក្នុងភូមិសាស្ត្រខេត្តកែប។
សេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ បានជំរុញឲ្យប្រធានមន្ទីរទេសចរណ៍ យកចិត្តទុកសហការជាមួយ ផ្នែកពាក់ពន្ធ័ដើម្បីផ្សព្វផ្សាយអប់រំ ពន្យល់ប្រជាពលរដ្ឋដែលរស់ក្នុងខេត្តកែប និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅកំសាន្តនៅខេត្តកែប អំពីកំណើននៃកម្រិតជាតិស្លែ ដែលធ្វើឲ្យទឹកសមុទ្រ នៅកែបមានពណ៌បៃតង ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។
សេចក្តីណែនាំដដែលលើកឡើងថា «សូមប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកែប ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកលេងកំសាន្តនៅទីនេះ ពិសេសនៅតាមឆ្នេរខ្សាច់ កោះទន្សាយ និងបណ្ដាកោះដែលនៅជុំវិញ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយសូមផ្អាកការទទួលទានគ្រឿងសមុទ្រ និងផ្អាកឈប់ចុះងូតទឹកសមុទ្រនៅទីនេះមួយរយៈ រហូតដល់ក្រសួងជំនាញសិក្សាពិនិត្យស្រាវជ្រាវលំអិតអំពីបញ្ហា និងផលប៉ះពាល់សុខភាពរួចរាល់ហើយ គឺនឹងជូនដំណឹងនៅពេលក្រោយ»។
សូមជម្រាបថា បន្ទាប់ពីមានការភ្ញាក់ផ្អើល ពីសំណាក់ប្រជាពលរដ្ឋ ដោយសារទឹកសមុទ្រនៅខេត្តកែប មានការប្រែពណ៌ ហើយបានធ្វើឲ្យសត្វសមុទ្រងាប់ កាលពីម្សិលមិញនោះ នៅព្រឹកថ្ងៃទី២ ខែមេសានេះ ក្រសួងបរិស្ថានបានចុះពិនិត្យ និងធ្វើការពិសោធន៍រកឃើញថា ទឹកសមុទ្រខេត្តកែប មានកំណើននៃកម្រិតជាតិស្លែ ដែលធ្វើឲ្យទឹកសមុទ្រប្រែពណ៌ និងមានជាតិពុល ដូច្នេះទើបក្រសួងបរិស្ថានសម្រេចឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្អាកការចុះងូតទឹក និងបរិភោគគ្រឿងសមុទ្រ រហូតដល់មានការពិសោធន៍ច្បាស់លាស់៕