(កំពង់ស្ពឺ)៖ ដោយមើលឃើញពីការលំបាករបស់បុរសទុរគតជនម្នាក់ឈ្មោះ សាន់ វេង អាយុ ៥៨ ឆ្នាំ រស់នៅភូមិកាប់ទូក ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ដែលត្រូវបានប្រពន្ធ កូន និងសាច់ញ្ញាតិបោះបង់ចោល តាមរយៈការបង្ហោះក្នុងបណ្តាញសង្គម ដោយអ្នកលេងហ្វេសបុកក្នុងខេត្តកំពង់ស្ពឺ រួចមកលោក វីសំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យលោកមេឃុំ ព្រៃរំដួល និងមន្ត្រីសាលាស្រុកភ្នំស្រួចចុះសិក្សាលទ្ធភាព និងសហការជាមួយក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព សាងសង់កូនផ្ទះមួយខ្នងជូនគាត់សម្រាប់ការស្នាក់អាស្រ័យ។
ផ្ទះដែលត្រូវសង់ជូនបុរសកំសត់នេះមាន ទំហំ ៣គុណនឹង៤ម៉ែត្រ មានជញ្ជាំង និងដំបូលស័ង្កសី ចំណាយអស់ថវិកា ប្រមាណ៧០០ ដុល្លារ ដោយក្នុងនោះ ថវិកាបានពីការរៃអង្គាសគ្នា របស់ក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ប្រមាណ ៤០០ដុល្លារ និងថវិកាចូលរួមដោយផ្ទាល់របស់អភិបាលខេត្តចំនួន៣០០ដុល្លារ ព្រមទាំងការឧបត្ថម្ភនូវសម្ភារមួយចំនួន មានពាងទឹក គ្រែ និងតបណ្តាញភ្លើងបំភ្លឺផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ នេះ លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានអញ្ជើញ មកជួបលោក សាន់ វេង ដោយផ្ទាល់និងបានចូលរួមសកម្មភាពសាងសង់ផ្ទះជូនគាត់ ដោយសហការជាមួយ ក្រុមប្រឹក្សាឃុំ ប្រជាការពារ និងសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពផងដែរ។
សូមបញ្ជាក់ថា នេះជាលើកទី១ហើយក្នុងដំណែងជាអភិបាលខេត្ត ទើបប្រកាសតែងតាំង ដែលលោក វី សំណាង បានសាង់ផ្ទះជូនពលរដ្ឋតាមរយៈការពិនិត្យតាមបណ្តាញសង្គមFacebook ដែលទាំងនេះបានបង្ហាញថា លោកអភិបាលខេត្តពិតជាបានយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ពលរដ្ឋពិតប្រាដ ៕