(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ស្ត្រីជនជាតិថៃម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ពីបទជួញដូរគ្រឿងញៀនទម្ងន់ជាង ២,៥គីឡូក្រាម តាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។ ស្រ្តីជនជាតិថៃនេះ មានឈ្មោះ KAEWKANLAYA AMPHAWAN។
យ៉ាងណាក៏ដោយ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីស្ត្រីជនជាតិថៃនេះ តុលាការកំពុងរង់ចាំការស៊ើបអង្កេតរកមេខ្លោង និងបក្ខពួកបន្ថែមទៀតពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខាងលើនេះ។
គួរបញ្ជាក់ថា កម្លាំងគយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្នែកច្រកអ្នកដំណើរមកដល់រួម និងនគរបាលអន្តោប្រវេសន៍ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ បានស្ទាក់ចាប់ស្រ្តីជនជាតិថៃម្នាក់ លួចនាំចូលថ្នាំញៀនប្រភេទកូកាអ៉ីនទម្ងន់ ជាង ២,៥គីឡូក្រាម បង្កប់ក្នុងសូកូឡា វេលាម៉ោង ៨យប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦។
យោងតាមប្រភពព័ត៌មានមន្រ្តី គយប្រចាំព្រលានយន្តហោះ អន្តរជាតិភ្នំពេញ បានឲ្យដឹងថា ស្រ្តីជនជាតិថៃរូបនេះ ធ្វើ ដំណើរមកពីប្រទេសកាតា តាមជើង យន្តហោះ លេខ QR970 (ដូហា-ភ្នំពេញ)។ក្រោយការឆែកឆេររកឃើញវត្ថុតាងជាសារធាតុញៀន ប្រភេទកូកាអ៉ីនជាក់ស្តែងទម្ងន់ ២,៥៩៤.៥១ក្រាមទាំងស្រ្តី សង្ស័យ រួមនិងថ្នាំ ញៀនត្រូវបានប្រគល់ ជូនលោកវរសេនីយ៍ទោ សារី បុត្រសត្យា នាយការិយាល័យ ជំនួញគ្រឿងញៀនខុសច្បាប់ ដើម្បីគ្រប់គ្រងថែរក្សា និង អនុវត្តនីតិវិធីបន្ត៕