(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងករណីប្តឹង លោក សម រង្ស៊ី ពីសំណាក់សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា ពីបទបរិហារកេរ្តិ៍សម្តេច ហេង សំរិន នៅលើបណ្តាញសង្គម Facebook ហើយត្រូវបាន លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិរួចហើយ ហើយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦នេះ លោក សម រង្ស៊ី បានអះអាងនៅលើគណនី Facebook ថា បុគ្គលដែលមានសិទ្ធិប្តឹងរូបលោក គឺមានតែលោក ប៉ែន សុវណ្ណ តែប៉ុណ្ណោះ ប៉ុន្តែការលើកឡើងនេះត្រូវបាន លោក សុខ ឥសាន ជាមន្រ្តីជាន់ខ្ពស់ និងអ្នកនាំពាក្យគណបក្ស CPP បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅថ្ងៃនេះថា ការលើកឡើងរបស់លោក សម រង្ស៊ី គឺមិនត្រឹមត្រូវនោះទេ បុគ្គលដែលមានសិទ្ធិប្តឹងលោក សម រង្ស៊ី យ៉ាងពេញទី គឺសម្តេច ហេង សំរិន យ៉ាងពិតប្រាកដ។
លោក សម រង្ស៊ី បានបញ្ជាក់នៅក្នុង Facebook យ៉ាងដូច្នេះថា «ខ្លឹមសារនៃលិខិតរបស់ខ្ញុំចុះផ្សាយថ្ងៃនេះ ក្នុងកាសែតខេមបូឌាដេលី (Cambodia Daily)៖ សាធារណរដ្ឋប្រជាមានិតកម្ពុជា បានសម្លាប់សម្តេចព្រះនរោត្តមសីហនុ តាមផ្លូវចិត្ត និងផ្លូវនយោបាយ កាលពីឆ្នាំ១៩៧៩។ ហេង សំរិន អត់មានសិទ្ធិអ្វីប្តឹងខ្ញុំទេ។ បើមាននរណាម្នាក់អាចមានសិទ្ធិប្តឹងខ្ញុំ គឺ ប៉ែន សុវណ្ណ ឯណោះទេ ដែលជាបិតា ថ្ងៃ៧មករា ឆ្នាំ ១៩៧៩។ ប៉ែន សុវណ្ណ នេះជានាយករដ្ឋមន្ត្រីមុនគេ ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយជាអគ្គលេខាធិការគណបក្ស ប្រជាជនបដិវត្តន៍កម្ពុជា ដែលជាឪគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ។ រហូតមកដល់ចុងឆ្នាំ១៩៨១ ប៉ែន សុវណ្ណ មានតំណែង និងតួនាទីធំជាងគេបង្អស់ក្នុងរបបសាធារណរដ្ឋប្រជាមានិត កម្ពុជា ដែលបន្តុបឡើងដោយកងទ័ពយួនឈ្លានពាន នៅដើមឆ្នាំ១៩៧៩។ បើ ប៉ែន សុវណ្ណ មិនជំទាស់ពីអ្វីដែលខ្ញុំបានលើកឡើងនោះទេ គ្មាននរណាអាចជំទាស់បានទេ។ តាមការពិត របបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានវាយប្រហារ ជេរប្រមាថ និងមួលបង្កាច់សម្តេចព្រះនរោត្តមសីហនុ យ៉ាងធ្ងន់ធ្ងរបំផុត មុននឹងធ្វើឃាតព្រះអង្គតាមផ្លូវចិត្ត និងផ្លូវនយោបាយ តាមរយៈការប្រកាសសាធារណរដ្ឋ (កម្ចាត់ស្តេច) របស់ពួកគេកាលពីឆ្នាំ ១៩៧៩»។
លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា ការលើកឡើងរបស់ លោក សម រង្ស៊ី គឺមិនត្រឹមត្រូវនោះទេ បុគ្គលដែលមានសិទ្ធិប្តឹង លោក សម រង្ស៊ី យ៉ាងពេញទី គឺសម្តេច ហេង សំរិន យ៉ាងពិតប្រាកដ។ លោក សម រង្ស៊ី មិនបានដឹងច្បាស់ពីប្រវត្តិ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ឡើយ។
សូមបញ្ជាក់ថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពីបទបរិហារកេរ្តិ៍សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ហើយសំណុំរឿងនេះត្រូវបានបញ្ចូនទៅបើកសវនការជំនុំជម្រះបន្ត ដោយមានលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះ។
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហោះវីដេអូ សម្តេចព្រះនរោត្តម សីហនុ ដែលក្នុងវីដេអូនោះ សម្តេចព្រះនរោត្តម សីហនុ បានរិះគន់ទៅដល់ជនជាតិវៀតណាម។ ជាមួយគ្នានេះ លោក សម រង្ស៊ី ក៏បានចោទរបបរដ្ឋកម្ពុជា ដែលដឹកនាំដោយសម្តេច ហេង សំរិន ថាបានដាក់ទោស សម្តេចសីហនុ ព្រះវររាជបិតាជាតិខ្មែរថា ជាជនក្បត់ជាតិ។
លោក សម រង្ស៊ី បានសរសេរនៅលើ Facebook របស់លោកភ្ជាប់ជាមួយវីដេអូមួយថា «យើងចងចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេកាត់ទោសប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថាជាជនក្បត់ជាតិ»។
លោក គី តិច មេធាវីការពារក្តីឱ្យសម្តេច ហេង សំរិន បានបញ្ជាក់ថា សម្តេច ហេង សំរិន បានប្តឹងឱ្យតុលាការចាត់ការទៅតាមផ្លូវច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន ៣០០លានរៀល ហើយថាករណីនេះ លោកបានប្តឹងតែបុគ្គល លោក សម រង្ស៊ី ម្នាក់ប៉ុណ្ណោះ ដោយសារតែ Facebook នោះ ជាទំព័រផ្ទាល់ខ្លួនរបស់លោក៕