(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអំពាវនាវដល់ អ្នកលក់ចំណីអាហារតាមដងផ្លូវទាំងអស់នៅកម្ពុជា បង្កើនការយកចិត្តទុកដាក់លើអនាម័យម្ហូបអាហារឱ្យខ្លាំងក្លា ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលទទួលទាន ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ។
លោក ថោង ខុន បានអំពាវនាវបែបនេះ ខណៈដែលលោកបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ពិពរ័ណ៍ ម្ហូបអាហារអាស៊ានជាលើកទី១០ ដែលបានធ្វើឡើង នៅពហុកីឡាដ្ឋានជាតិអូឡាំពិកកម្ពុជា នៅយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ម្សិលមិញ។
នៅក្នុងឱកាសនោះ លោក ថោង ខុន ក៏បានសំណូមពរឱ្យចុងភៅដ៏ចំណានៗទាំងអស់ មកពី១៩ រាជធានី-ខេត្ត ដែលបានចូលរួមក្នុងការតាំងពិព័រណ៍នេះ យកចិត្តទុកដាក់រក្សាសុវត្ថិភាព អនាម័យចំណីអាហារ ទាំងនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋាននានា។
លោករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យប្រតិបត្តិករទេសចរណ៍ទាំងអស់ យកចិត្តដាក់ផ្តល់សេវាកម្មប្រកបដោយគុណភាព បដិសណ្ឋារកិច្ចល្អ និងធានានូវសុវត្ថិភាព ជូនភ្ញៀវ មិនថាភ្ញៀវជាតិ ឬអន្តរជាតិ ជាដើម៕