(ភ្នំពេញ)៖ លោក ស្រី ចំរើន តំណាងក្រុមនិស្សិត និងយុវជនតាមសាកលវិទ្យាល័យមួយចំនួន ដែលបានតវ៉ាទាមទារឱ្យ លោក កឹម សុខា បកស្រាយរឿងអាស្រូវស្នេហា បានថ្លែងថា លោក កឹម សុខា ពេលនេះកំពុងបង្ហាញ ចរិតអ្នកនយោបាយ ប្រជាភិថុតិ មិនច្បាស់លាល់ ថែមទាំងកំពុងដើរចេញពីផ្លូវប្រជាធិបតេយ្យ។
កាលពីម្សិលមិញនេះ ក្រុមយុវជនដែលដឹកនាំដោយ លោក ស្រី ចំរើន បាននាំគ្នាដាក់ញត្តិ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិជាថ្មី ដើម្បីស្នើសុំឲ្យ លោក កឹម សុខា បកស្រាយបីចំណុចពាក់ព័ន្ធនឹងបណ្តឹងដែលគ្រោងនឹងប្តឹងរូបលោក តែពុំឃើញមាន ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ឬបុគ្គលិក ណាម្នាក់ចេញមកទទួលញត្តិឡើយ។ មន្រ្តីនៅទីនោះបានប្រាប់ថា ពុំមានបុគ្គលិក ឬថ្នាក់ដឹកនាំសង្គ្រោះជាតិណាម្នាក់ធ្វើការឡើយ ថែមទាំងបានបញ្ជាឱ្យក្រុមសកម្មជនគាំទ្រ លោក កឹម សុខា និងកងសន្តិសុខ រុញច្រានក្រុមយុវជនមកកណ្តាលផ្លូវ និងបិទមិនឱ្យ ចូលទៅដាក់ញត្តិបានទៀត។
លោក ស្រី ចំរើន បានថ្លែងប្រាប់ Fresh News ថា រូបលោកពិតជាមានការសោកស្តាយ ចំពោះទង្វើបែបនេះ ដែលស្នាក់ការគណបក្ស សង្គ្រោះជាតិ ទាំងមូលបែរជា មិនមាន បុគ្គលិកធ្វើការ ឬថ្នាក់ដឹកនាំណាម្នាក់ក្នុងការរិយាល័យ ស្នាក់ការបក្ស នេះសរបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បាននិងកំពុងដើរចេញពីផ្លូវ ប្រជាធិបតេយ្យ និង ជាការគេចវេសរបស់ថ្នាក់ដឹក នាំសង្គ្រោះជាតិ ដែលកំពុងតែការពារ លោក កឹម សុខា ជុំវិញរឿងអាស្រូវ ដ៏ស្មោគរោគ ឬអាចនិយាយបានថា ការពារមនុស្សអាក្រក់ ឱ្យដឹកនាំក្នុងបក្សទាំងមូល។
លោក ស្រី ចំរើន បានបញ្ជាក់ជាចុងក្រោយថា រូបលោក និងក្រុមយុវជន មិនមានបំណងប្រឆាំងនឹងគណបក្សសង្គ្រោះជាតិនោះឡើយ ពោលគឺលោកធ្វើនេះជារឿងបុគ្គលរបស់ លោក កឹម សុខា តែប៉ុណ្ណោះក្នុងគោលបំណងចង់ឱ្យមេដឹកនាំបក្សរូបនេះ បកស្រាយការពិតជុំវិញរឿងអាស្រូវទាំងនោះ ដើម្បីទាមទាឱ្យលោក កឹម សុខា បង្ហាញនូវទំនួលខុសត្រូវ ភាពស្អាតស្អំ និងជាគំរូល្អដល់យុវជនជំនាន់ក្រោយ ព្រោះបើអត់លោក កឹម សុខា ក៏គណបក្សគណបក្សសង្គ្រោះជាតិមិនរលាយដែរ ដោយសារ នៅមានមេដឹកនាំគំរូ អ្នកស្នេហាជាតិ បណ្ឌិត បញ្ញវន្ត ជាច្រើនរូបទៀត សម្រាប់ដឹកនាំគណបក្សសង្គ្រោះជាតិតទៅថ្ងៃមុខ។
សូមបញ្ជាក់ថា ក្រោយពីចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ថា គណបក្សសង្គ្រោះជាតិគ្រោងនឹងប្តឹង លោក ស្រី ចំរើន ថាបានប្រើប្រាស់សម្លៀកបំពាក់ មួក និងទង់បក្សដោយគ្មានការអនុញ្ញាតនោះ រហូតមកទល់ថ្ងៃទី០២ មេសា ឆ្នាំ២០១៦ នៅតែពុំទាន់ឃើញ គណបក្សសង្គ្រោះជាតិ ដាក់ពាក្យបណ្តឹងប្តឹងលោក ស្រី ចំរើន នៅឡើយទេ៕