(ភ្នំពេញ)៖ លោកស្រី ទ្រី ឈូន ដែលធ្លាប់ជាមេធាវីការពារក្តីឲ្យ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ក្នុងបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា បានប្រាប់អង្គភាព Fresh News ឱ្យដឹងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦នេះថា លោកស្រីលែងធ្វើជាមេធាវីការពារក្តីឲ្យ កញ្ញា «ស្រីមុំ» ទៀតហើយ។ លោកស្រី ទ្រី ឈូន អះអាងថា សម្រាប់ការកោះហៅ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ឱ្យចូលខ្លួននៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ កញ្ញា ស្រីមុំ នៅមិនទាន់មានមេធាវីការពារក្តី ឲ្យនៅឡើយទេ។
លោកស្រី ទ្រី ឈូន បានបញ្ជាក់ថា «បច្ចុប្បន្ននេះ ខ្ញុំមិនបាននៅធ្វើជាមេធាវីការពារក្តីឲ្យ ស្រីមុំទៀតនោះទេ ពីព្រោះថានេះ គឺជាសំណុំរឿងថ្មី មួយទៀត ដែលព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានសម្រេចកោះហៅ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ឱ្យឡើងឆ្លើយបំភ្លឺនៅមុខតុលាការ ពាក់ព័ន្ធទៅនឹងសំឡេងក្នុងខ្សែអាត់ដែល គេសង្ស័យលើ លោក កឹម សុខា នៅថ្ងៃទី០៨ ខែមេសា ខាងមុខនេះ។ ហើយមកដល់ពេលនេះ នៅមិនទាន់មាន មេធាវីការពារក្តីឲ្យ នៅ ឡើយទេ»។
លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុកបាន អះអាងថា «មកដល់ពេលនេះ ខ្ញុំនៅមិនទាន់ទទួលបានពាក្យសស្នើសុំ ឲ្យមានមេធាវីការពារក្តីពីសាម៉ីខ្លួនស្រីមុំនៅឡើយទេ ហើយសមាគមអាដហុក ក៏គ្មានសិទ្ធក្នុងការចាត់តាំងមេធាវីរូបណា ដើម្បីការពារក្តីឲ្យ ស្រីមុំដោយគ្មានការស្នើសុំពីសាម៉ីខ្លួនឡើយ»។ លោក នី សុខា មិនទាន់ប្រាកដថា កញ្ញា ស្រីមុំ នឹងចូលបំភ្លឺនៅថ្ងៃ ទី៨ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ។
គួរបញ្ជាក់ថា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានសម្រេចកោះហៅ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ឱ្យចូលបំភ្លឺ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ ជុំវិញការលើកឡើងនៅក្នុងសំឡេងខ្សែអាត់ ដែលគេសង្ស័យលើលោក កឹម សុខា។ ជាមួយគ្នានេះ ព្រះរាជអាជ្ញារងរូបនេះ ក៏បានកោះហៅ លោក ទួន សុជាតិ ថៅកែហាងកាត់សក់ «ខ្មែរអង្គរ» ដែលជាថៅកែរបស់ស្រីមុំ ឱ្យឡើងឆ្លើយបំភ្លឺ នៅមុខតុលាការ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ផងដែរ៕