(ស្វាយរៀង)៖ លោក ម៉ែន វិបុល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ ត្រូវបានប្រកាសចូលកាន់តំណែងជា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង បន្ទាប់ពីរូបលោក ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាអភិបាលខេត្តស្វាយរៀង កាលពីសប្តាហ៍កន្លងទៅ។
ពិធីប្រកាសចូលកាន់តំណែងនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន សមាជិកាគណ:អចិន្ត្រៃយ៍ គណ:កម្មាធិកាកណ្តាលប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង។
ក្នុងឱកាសប្រកាសការចូលកាន់តំណែងនេះ លោកស្រី ម៉ែន សំអន បាននាំយកនូវការសាកសួរសុខទុក និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដល់សមាជិកបក្សប្រជាជនកម្ពុជានៅក្នុងខេត្តស្វាយរៀង។ លោកស្រី បានអំពាវនាវឲ្យសមាជិកទាំងអស់រួមគ្នា បង្កើនប្រជាប្រិយភាពតាមរយៈការចុះជួយប្រជាពលរដ្ឋ ដើម្បីបន្តឈ្នះឆ្នោតនាំមកការរីកចម្រើនជូនប្រទេសជាតិ បន្ថែមទៀត។
លោកស្រី ម៉ែន សំអន ក៏បានថ្លែងកោតសរសើរ និងគាំទ្រចំពោះលទ្ធផលគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ដែលបានគាំទ្រ លោក ម៉ែន វិបុល ជាប្រធានគណបក្សបក្សខេត្ត។ លោកស្រីជឿជាក់ថា លោក ម៉ែន វិបុល មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមដឹកនាំបក្សឲ្យមានការគាំទ្រ ពីប្រជាពលរដ្នកាន់តែច្រើនទ្បើង និងមានប្រៀបឈ្នះក្នុងការបោះឆ្នោត នាពេលខាងមុខ។
លោកស្រី ម៉ែន សំអន ជំរុញឲ្យអាជ្ញាធរខេត្តរួមគ្នាធានាស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាមួយការលើកកំពស់ជីវភាព រស់នៅរបស់ប្រជាជន។
លោកស្រី ក៏បានអំពាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខិតខំថែរក្សារបៀបរៀបរយ សាធារណៈអនុវត្ត ឲ្យបានភូមិឃុំមានសុវត្ថិភាព បន្តជំរុញការកសាងហេដ្ឋារចនាសម្ព័ន រូបវន្តលើគ្រប់វិស័យ ព្រមទាំងធ្វើយ៉ាងណាឲ្យសមិទ្ធផល ដែលបានកសាងទាំអស់ បានដំណើរល្អគង់វង្សយូរអង្វែង។
លោកស្រី ម៉ែន សំអន ក៏បានអំពាវនាវថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ ជួយរិះរកវិធីដោះស្រាយ នូវតម្រូវការបន្ទាន់របស់ប្រជាពលរដ្ឋ ដូចជាការចុះអប់រំប្រជាពលរដ្ឋ ឲ្យថែរក្សាទឹកទុកឲ្យបានល្អ សម្រាប់ប្រើប្រាស់រដូវប្រាំង និងបង្កើនការប្រុងប្រយ័ត្នចំពោះអគ្គិភ័យ នានាព្រោះសម្ពាធកំដៅឡើងក្តៅខ្លាំង ហើយរដូវប្រាំងអូសបន្លាយ រយៈពេលយូរខុសប្រក្រតី៕