(បាត់ដំបង)៖ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមបញ្ជាផ្ទាល់ពី ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការតាមចាប់មេចោរប្លន់ ប្រដាប់អាវុធម្នាក់ កាលពីឆ្នាំ២០០៥ នៅស្រុកសង្កែ ខេត្តបាត់ដំបង ។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង លោក អូន ហ្វៃ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា កម្លាំងនគរបាល របស់លោក បានចាប់ជននេះ នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦នេះ ដោយអនុវត្តតាមដីកា បញ្ជាឲ្យចាប់ខ្លួនរបស់លោក បិុច ឈឿត ចុះថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០០៦ ។
លោកបានបញ្ជាក់ថា មុខសញ្ញាប្លន់រូបនេះមានឈ្មោះ ឌិត ភិន ហៅ គឹង សុវណ្ណា អាយុ ៣១ ឆ្នាំ ដែលត្រូវចាប់ខ្លួននៅចំណុចភូមិ ពោធិបាត់ដំបង ឃុំ រកា ស្រុក សង្កែ ។
បើតាមនាយការិយាល័យរូបនេះ ជនត្រូវចោទ និងបក្ខពួកផ្សេងទៀតបានធ្វើសកម្មភាព ប្លន់ នៅភូមិ អណ្តូងចេញ សង្កាត់ អូរចារ ក្រុង បាត់ដំបង កាលពីខែ មិថុនា ២០០៥។
បច្ចុប្បន្នជននេះស្ថិតក្រោមការសាកសួរនៅការិយាក័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់៕