(ភ្នំពេញ)៖ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នឹងចូលប្រជុំរដ្ឋសភាជាធម្មតា សម្រាប់បើកបវេសនកាល នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ ដែលពាក់ព័ន្ធនឹងរបៀបវារៈបោះឆ្នោតគាំទ្រការរុះរើគណៈរដ្ឋមន្រ្តី និងអនុម័តលើសេចក្តីព្រាងច្បាប់សហជីព។ ចំពោះការអនុម័តលើច្បាប់សហជីព និងការរុះរើគណៈរដ្ឋមន្រ្តី ចាំមើលលើស្ថានភាពជាក់ស្តែងនៅពេលនោះ, នេះបើតាមលោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។
លោក អេង ឆៃអ៊ាង បាននិយាយថា ទោះជាយ៉ាងណា ការបោះឆ្នោតគាំទ្រ ឬមិនគាំទ្រ ទៅលើការអនុម័តលើរបៀបវារៈទាំង២នេះ នឹងអាស្រ័យលើស្ថានភាពជាក់ស្តែង និងការពិភាក្សានៅក្នុងរដ្ឋសភា។ លោកថា ចំពោះច្បាប់សហជីព តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មិនទាន់ពេញចិត្តទាំងស្រុងនោះទេ ដោយសារតែច្បាប់នេះ មានការកែប្រែមួយចំនួន នាពេលកន្លងមក។ លោកថា តំណាងរាស្រ្ត CNRP នឹងគាំទ្រលើការអនុម័តនោះ បើសិនជាច្បាប់ស្តីពីសហជីពនេះ មានការកែប្រែបន្ថែមទៀត។
សូមជំរាបថា រដ្ឋសភា នឹងចាប់ផ្តើមចាប់ផ្តើមបើកកិច្ចប្រជុំរបស់ខ្លួនឡើងវិញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ បន្ទាប់ពីឈប់សម្រាកក្នុងការអនុម័តច្បាប់ រយៈពេល៣ខែ។ របៀបវារៈសំខាន់ៗ ដែលនឹងត្រូវពិភាក្សា និងអនុម័ត នៅក្នុងកិច្ចប្រជុំនោះ រួមមានការបោះឆ្នោតគាំទ្រលើសមាសភាពរុះរើគណៈរដ្ឋមន្រ្តី សេចក្តីព្រាងច្បាប់សហជីព និង ការបោះឆ្នោតជ្រើសរើសសមាជិកម្នាក់ របស់ក្រុមប្រឹក្សាធម្មនុញ្ញ៕