(ភ្នំពេញ)៖ ទស្សនាវដ្ដី សូវរីន(Sovrin) បានបើកសម្ពោធគម្របមុខ ទស្សនាវដ្ដីក្នុងលេខពិសេសថ្មីរបស់ខ្លួន «សុបិនទេពនិម្មិត» នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦នេះ នៅឡឺបីសស្ត្រូត (Le bistrot) ស្ថិតនៅក្នុងវិទ្យាស្ថានភាសាបារាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រចាំក្នុងទស្សនាវដ្ដី ជាពិសេសកញ្ញា មាន សូនីតា ជាតួអង្គដ៏សំខាន់ នៅលើគម្របមុខ នៃទស្សនាវដ្ដីនេះ និងបណ្ដាភ្ញៀវជាតិ អន្តរជាតិជាច្រើននាក់ ។
លោក ជ័យ រដ្ឋា នាយកផ្នែកច្នៃប្រឌិត ប្រចាំក្នុងទស្សនាវដ្ដី សូវរីន បានមានប្រសាសន៍ឲ្យដឹងថា «កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង សម្ពោធជាផ្លូវការ នូវគម្របមុខដ៏ពិសេស របស់ទស្សនាវដ្ដី សូវរីន (Sovrin) ក្នុងលេខទី៥៥ នេះ ហើយក្នុងគោលបំណងលើកកំពស់ វប្បធម៌ អរីយធម៌ កាលពីបុរាណដោយបាន គាស់រំលើងឡើងវិញ នូវល្បែងប្រជាប្រិយ ទម្រង់សិល្បៈល្ខោនបុរាណខ្មែរ ដែលមានដូចជា ល្បែងទាញព្រ័ត្រ និងរបាំព្រះរាជទ្រព្យ ដែលសុទ្ធសឹងជាបេតិកភណ្ឌមនុស្សជាតិ ក៏ដូចជាបង្ហាញពីអរិយធម៌ នៃការស្លៀកពាក់ និងការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ តាំងពីបុរាណកាលឲ្យនៅគង់វង្ស ជាដរាប ក្នុងបរិបទសកលភាវូបនីយកម្ម»។
នាយកផ្នែកច្នៃប្រឌិតរបស់ទស្សនាវដ្តីសូវរីន (SOVRIN) រូបនេះ បានលើកទ្បើងទៀតថា «នៅក្នុងបេសកកម្មដ៏ធំនេះ ទស្សនាវដ្តី សូវរីន បានបង្កើតជាខ្សែសាច់រឿងមួយ ដែលកើតឡើង ពីការសុបិននិម្មិត ធ្វើឲ្យតួអង្គនាង រំដួល ដែលសម្តែងដោយកញ្ញា មាន សូនីតា បានវិលត្រឡប់ទៅកាន់អាណាចក្រ ដែលពារពេញទៅដោយអរិយធម៌ ដ៏ខ្ពង់ខ្ពស់មួយ។ ក្នុងនោះ សូវរីន ក៏បានជ្រើសរើសយកវត្ត ពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាផ្ទំាងទស្សនីយភាព នាសម័យកាលនោះ។ ដោយសារតែវត្តពោធិរុក្ខារាម ជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដែលមានព្រះវិហារ បុរាណមួយកសាងក្នុង ព.ស២៤៦៨ ត្រូវនឹងគ.ស១៩២៤ បានសាងសង់លើគ្រឹះប្រាសាទ ធ្វើអំពីបាយក្រៀម ដោយទ្បែកផ្នែកខាងក្នុងព្រះវិហារ បានបន្សល់នូវកេរដំណែលរូបគំនូរបុរាណ នៅលើជញ្ជំាង ដែលហាក់ឆ្លុះបង្ហាញអំពីជីវភាពរស់នៅ ប្រចំាថ្ងៃរបស់ប្រជាជនខ្មែរ សម័យដើម និងដំណើររឿងទេវកថា ដ៏ល្បីល្បាញជាងគេរបស់ខ្មែរ គឺរឿងរាមកេរ្តិ៍»។
ដោយឡែក កញ្ញា មាន សូនីតា បានបង្ហាញចំណាប់អារម្មណ៍ថា «នាងចាប់អារម្មណ៍ ជាមួយនឹងបេសកកម្មយ៉ាងខ្លាំង ព្រោះទស្សនាវដ្តី សូវរីន បង្កើតបេសកកម្មនេះឡើងសម្រាប់ការ ជួយលើកកម្ពស់ ល្បែងប្រជាប្រិយខ្មែរ ព្រមជាមួយគំនិតដ៏អស្ចារ្យបែប ហ្វេហ្សិន ក៏ប៉ុន្តែ សូវរីន មិនបានបំភ្លេចនៅអរិយធម៌វប្បធម៌ របស់ខ្មែរឡើយ។ ជាងនេះទៅទៀត កញ្ញា មាន សូនីតា បានបង្ហាញអារម្មណ៍ ពេញចិត្តខ្លាំងមែនទែន ជាមួយនឹងការថតជាវីដេអូសាច់រឿង ដែលឆ្លងពីសម័យកាលបច្ចុប្បន្នទៅ សម័យកាលបុរាណ បានឆ្លុះបញ្ចាំងពីអរីយធម៌ ដ៏ថ្កុំថ្កើង រុងរឿងរបស់ខ្មែរ ដែលអមទៅដោយម៉ូដរ៉ូប ច្នៃឡើងពីហូល ផាមួង សូត្រខ្មែរ រំលេចចេញជាម៉ូដរ៉ូប ដ៏ទាន់សម័យ។
សូមបញ្ជាក់ថា ទស្សនាវដ្ដី សូវរីន (Sovrin) របស់កម្ពុជា ដែលមានឈ្មោះបោះសំឡេង ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ជានិច្ចកាលតែងតែចូលរួមទ្រទ្រង់ ដល់សកម្មភាពអភិរក្ស ទម្រង់សិល្បៈបុរាណ អក្សរសាស្រ្ត ក៏ដូចជាការចូលរួមផ្សព្វផ្សាយ ដល់ការថែរក្សាសម្បត្តិធនធានធម្មជាតិ នានាផងដែរ៕
Posted by Sokrith Photo on Friday, April 1, 2016