(កំពង់ចាម)៖ ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបាធាយ ទទួលបន្ទុកការងារយុវជន នៅព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ បានបើកវគ្គអប់រំនយោបាយវគ្គទី១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុក ក្រោមអធិបតីភាពលោក ឈឹម សារ៉េត ប្រធានក្រុមការងារ និងលោក ឡោ ចាន់លី អភិបាលស្រុកបាធាយ និងជាប្រធានគណបក្សស្រុក។
វគ្គបណ្តុះបណ្តាលអប់រំនយោបាយនេះ មានសិក្ខាកាមសរុបប្រមាណ ១៥០នាក់ ជាសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកបាធាយ។
ក្នុងពិធីនេះផងដែរ លោក ឡោ ចាន់លី ប្រធានគណបក្សស្រុក បានឡើងធ្វើរបាយការណ៍បង្ហាញជូន និងមានមតិសំណេះសំណាល ទៅកាន់សិក្ខាកាម បន្ទាប់មក លោក ឈឹម សារ៉េត ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបាធាយ ទទួលបន្ទុកការងារយុវជន បានផ្ដាំផ្ញើ ដល់សាខាបក្សគ្រប់លំដាប់ថ្នាក់បន្តការយកចិត្តទុកដាក់ ប្រព្រឹត្តតែអំពើល្អ ពិសេសបងប្អូន សកម្មជនយុវជន ត្រូវចូលរួម បម្រើនិងយកអាសារ ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ទាក់ទាញពង្រឹងស្មារតីដល់ប្រជាពលរដ្ឋឲ្យមានកាន់តែមានការជឿទុកចិត្ត។
លោក ឈឹម សារ៉េត បានបញ្ជាក់ទៀតថា ក្នុងនាមជាសកម្មជនយុវជន នៃគណបក្សកាន់អំណាចចាំបាច់ត្រូវចេះដឹងសុខទុក្ខរាស្រ្ត គ្រប់កាលៈទេសៈដោះស្រាយតម្រូវការជូនពួកគាត់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ខិតខំអូសទាញកម្លាំង ដើម្បីឈានយក ជ័យជំនះលើការបោះឆ្នោត ឆ្នាំ២០១៧ និង២០១៨ឲ្យខានតែបាន៕