(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេចបន្តដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍បន្ថែមទៀត រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងកូវីដ១៩ ប្រភេទ Delta ក្នុងភូមិសាស្ត្រខេត្ត។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា៖ «ត្រូវបានបន្តអនុវត្តន៍វិធានការរដ្ឋបាលជាបណ្តោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ សម្រាប់រយៈពេល២សប្តាហ៍ទៀត គិតចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ ដែលបណ្តាលមកពីមេរោគកូវីដ១៩ ប្រភេទ Delta»។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត បានឱ្យដឹងថា រាល់ការបម្រើសេវាកម្មរបស់តូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ភេសជ្ជដ្ឋាន និងភោជនីយដ្ឋាន នៅតាមសណ្ឋាគារ។ល។ ត្រូវតែគោរពឱ្យខាងតែបាននូវវិធានការអនាម័យ ដូចជាការរៀបចំដែលអាកុល បាញ់សម្លាប់មេរោគ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គលជាដើម ស្របតាមការណែនាំ និងវិធានសុខាភិបាលក្នុងការបម្រើសេវាកម្មរបស់ខ្លួន ដោយមិនអនុញ្ញាតឱ្យបម្រើសេវាក្នុងទីតាំងផ្ទាល់ជាដាច់ខាត តែប្រើជម្រើសសេវាកម្មបែបវេចខ្ចប់ និងហាមការបម្រើសេវាគ្រឿងស្រវឹងគ្រប់ប្រភេទជាដាច់ខាត។

រដ្ឋបាលខេត្តព្រះវិហារ បានបន្ថែម ហាមឃាត់ជាបណ្តោះអាសន្នការធ្វើសកម្មភាព មុខរបរ និងអាជីវកម្មក្លឹបកំសាន្តគ្រប់ប្រភេទ ជាអាទិ៍៖ ខារ៉ាអូខេ, រង្គសាល, ឌីស្កូតែក និងបៀហ្គាឌិន, រមណីយដ្ឋាន និងសួនកំសាន្តនានា, អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ, រោងសម្តែងសិល្បៈ, ក្លឹបហាត់ប្រាណ និងមណ្ឌលកីឡានានា និងសកម្មភាពមុខរបរអាជីវកម្មដែលនឹងបង្កឱ្យមានស្ថានភាពប្រឈមដែលកំណត់របស់អាជ្ញាធរអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ប្រភេទ Delta។

រដ្ឋបាលខេត្តបន្តថា ត្រូវបានបន្តផ្អាកជាបណ្តោះអាសន្ននូវការរៀបចំពិធីមង្គលការ ពិធីជប់លៀង, ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១០នាក់, ការជួបជុំតាមបែបសាសនានានា, ការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង លើកលែងតែចំពោះករណីដូចខាងក្រោម៖

*ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅដ្ឋាន ឬទីសំណាក់ជាមួយគ្នា
*ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច
*ការប្រមូលផ្តុំមនុស្សដើម្បីអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក៏ដូចជាបុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត
*ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
*ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ៖