(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ សមាគមជាតិកាកបាទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ លើកទី១៨ ដែលប្រព្រឹត្ដទៅរយៈពេល២ថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលសមាគមជាតិកាកបាទក្រហមថៃ ធ្វើជាម្ចាស់ផ្ទះ។

កាកបាទក្រហមកម្ពុជា ក៏មានការអញ្ជើញចូលរួម ដោយលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១, លោក យូ ឡាណា អគ្គលេខាធិការរងទី២ និងមន្ដ្រីកាកបាទក្រហមកម្ពុជាជាច្រើនរូបទៀត។

តាមការបញ្ជាក់របស់លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងឱ្យដឹងថា កិច្ចប្រជុំនេះបានផ្ដោតសំខាន់ទៅលើ៖

១៖ បញ្ហាប្រឈមនៃរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ដែលមានអ្នកឆ្លង និងស្លាប់បាត់បង់ជីវិតជារៀងរាល់ថ្ងៃ ដោយសារវិបត្ដិកូវីដ-១៩ អូសបន្លាយ, ជម្លោះប្រដាប់អាវុធ, គ្រោះមហន្ដរាយធម្មជាតិ និងគ្រោះមហន្ដរាយ ដែលមនុស្សបង្កឡើង

២៖ ការបន្ដរួមសហការគ្នា ពង្រឹងកម្លាំងសាមគ្គីភាពជាតិអន្ដរជាតិ របស់សមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងសង្គ្រោះជីវិតមនុស្សជាតិ។

៣៖ ការលើកកម្ពស់គុណតម្លៃរបស់ខ្លួន ក្នុងការពង្រឹងភាពធន់របស់សហគមន៍ និងការបំផុសកម្លាំងអ្នកស្ម័គ្រចិត្ដ និងយុវជន ក្នុងយុទ្ធនាការឆ្លើយតបនឹងជំងឺកូវីដ-១៩ ក្នុងការដោះស្រាយបញ្ហាសំខាន់ៗដែលមានលក្ខណៈជាសកល ដូចជាបម្រែបម្រួលអាកាសធាតុ បច្ចេកវិទ្យា និងការខិតខំរកមូលនិធិ ដើម្បីបន្ដនិរន្ដភាពរបស់សមាគមជាតិ ក៏ដូចជាបន្ដកិច្ចសហប្រតិបត្ដិការមនុស្សធម៌ផងដែរ។

៤៖ ការគិតគូររួមគ្នា ពីការកសាងសមត្ថភាពរបស់សមាគមនីមួយៗក៏ដូចជាចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅក្នុងការស្ដារឡើងវិញនៃស្ថានភាពកូវីដ-១៩ ដែលមកដល់បច្ចុប្បន្ននេះ យើងពុំអាចសន្និដ្ឋានបានច្បាស់លាស់ថា វានឹងបញ្ចប់នៅពេលណានៅឡើយទេ។

លោកស្រី ម៉ែន នារីសោភ័គ បានគូសបញ្ជាក់ថា នៅក្នុងសម័យប្រជុំថ្ងៃទី១នេះ ក៏បានពិភាក្សាផ្ដោតទៅលើការអនុវត្ដល្អៗ, ការដកបទពិសោធន៍ ការសហប្រតិបត្ដិការ និងការលើកកម្ពស់ការចាក់វ៉ាក់សាំង។ ចំណុចខាងលើនេះ តំណាងកាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី ក៏លើកបង្ហាញក្នុងកិច្ចប្រជុំនេះ ពីសារៈសំខាន់នៃបណ្ដាញយុវជន ដោយលើកអំពីអ្នកស្ម័គ្រចិត្ដកាកបាទក្រហមកម្ពុជា និងជាកម្លាំងជួរមុខ ក្នុងការប្រតិបត្ដិការក្នុងសហគមន៍ ហើយក៏បានបង្ហាញពីភាពម្ចាស់ការ របស់សាខាកាកបាទក្រហមកម្ពុជាទាំង២៥រាជធានី-ខេត្ដ ក្នុងការលើកកម្ពស់ ការចូលរួមរបស់សហគមន៍ ដើម្បីអនុវត្ដវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ជាពិសេសការអប់រំផ្សព្វផ្សាយឱ្យប្រជាជន យល់ដឹងពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាពដល់បុគ្គលម្នាក់ៗ និងមនុស្សជាទីស្រលាញ់នៅក្នុងគ្រួសារ។

សម្រាប់ការដោះស្រាយស្វែងរកមូលនិធិវិញ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានខិតខំរកថវិកា ពីសប្បុរសជននៅក្នុងប្រទេស ដូចជាក្នុងវិស័យឯកជនជាដើម។ លើសពីនោះ ដោយរួមគ្នាក្នុងស្មារត្មីសាមគ្គីភាពជាតិអន្ដរជាតិ កាកបាទក្រហមកម្ពុជា បានផ្ដល់ជំនួយជាថវិកា ដល់កាកបាទក្រហម នេប៉ាល់, ជួយដល់កាកបាទក្រហម មីយ៉ាន់ម៉ា និងផ្ដល់ជាថវិកាជួយដល់កាកបាទក្រហមវៀតណាមផងដែរ ដើម្បីចូលរួមក្នុងការប្រតិបត្ដិការ ទប់ស្កាត់ជំងឺកូវីដ-១៩នៃប្រទេសទាំងបី។

លោកស្រីបានគូសរម្លឹកថា ក្នុងគ្រាជួបនឹងវិបត្ដិជំងឺកូវីដ-១៩នៅលើសកលលោកនេះ កាកបាទក្រហមកម្ពុជា ក៏បានទទួលនូវការជួយនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីសមាគមជាតិកាកបាទក្រហមចិន, ទទួលបានថវិកាសម្រាប់អនុវត្ដគម្រោងលើកកម្ពស់ទឹកស្អាតអនាម័យ ពីសង្ហិបុរី និងពីកាកបាទក្រហមសាធារណរដ្ឋកូរ៉េ, ទទួលបានថវិកាសម្រាប់អនុវត្ដការកសាងភាពធន់សហគមន៍ ពីកាកបាទក្រហមចិន និងសហព័ន្ធអន្ដរជាតិ រួមជាមួយនឹងការអប់រំទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពីគណៈកម្មាធិការអន្ដរជាតិកាកបាទក្រហមកម្ពុជា (ICRC) ។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងបន្ដថា នៅក្នុងកិច្ចពិភាក្សានេះ ក៏បានលើកអំពីការត្រៀមលក្ខណៈរបស់សមាគមជាតិ ក្នុងការទប់ស្កាត់ទៅនឹងរលកថ្មី ឬការផ្ទុះឡើងនៃការរាតត្បាតថ្មីនៃជំងឺផ្សេងៗ។ ក្នុងនោះ តំណាងកាកបាទក្រហមកម្ពុជា លោក យូ ឡាណា ក៏បានថ្លែងពីសារៈសំខាន់នៃការកសាងផែនការទូលំទូលាយ សម្រាប់ការកសាងសមត្ថភាពរបស់សមាគមជាតិ តាមផ្នែកបច្ចេកវិទ្យា ការស្ដារឡើងវិញ និងការកសាងភាពធន់របស់សហគមន៍ ដោយផ្អែកលើមេរៀន និងបទពិសោធន៍ ក្នុងការអនុវត្ដនៃការទប់ស្កាត់ជំងឺកូវីដ-១៩ ជាពិសេសការគិតគូរប្រមូលផ្ដុំធនធាននៅក្នុងប្រទេស និងក្នុងចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមជាដើម។

ជាមួយគ្នានោះ កាកបាទក្រហមកម្ពុជាបានលើកឡើងថា ការអនុវត្ដស្ដារឡើងវិញនេះ មានលក្ខណៈជាយុទ្ធសាស្រ្ដ ដើម្បីបង្កលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយកាកបាទក្រហមកម្ពុជា ក៏បានតៀមខ្លួនរួចជាស្រេច ក្នុងការកសាងផែនទីបង្ហាញផ្លូវ សម្រាប់អនុវត្ដក្នុងការស្ដារឡើងវិញ និងការពង្រឹងសមត្ថភាពរបស់សមាគមជាតិ។ សម្រាប់ផ្នែកសុខភាព យើងក៏បានត្រៀមរួចជាស្រេចផងដែរ និងបន្ដលើការងារគ្រប់គ្រងគ្រោះមហន្ដរាយ និងវិស័យអាទិភាពផ្សេងៗទៀត ដែលនឹងជួយជំរុញឱ្យកាកបាទក្រហមកម្ពុជា កាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត ក្នុងការជួយប្រជាពលរដ្ឋ ដែលត្រូវការឱ្យកាកបាទក្រហមកម្ពុជាជួយសង្គ្រោះ ដោយក្នុងទិសដៅ «មិនទុកនរណាម្នាក់ចោល»៕