(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតអបអរសាទរ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ២០២១» ដែលត្រូវជាខួបលើកទី៣៦ នៃ «អនុសញ្ញាទីក្រុងវីយ៉ែន ស្ដីពីកិច្ចការពារស្រទាប់អូហ្សូន» ឆ្នាំ១៩៨៥ និងត្រូវជា ខួបលើកទី៣៤ នៃ «ពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន» ឆ្នាំ១៩៨៧។

លេខាធិការដ្ឋានអូហ្សូន នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ កំណត់យកថ្ងៃទី១៦ ខែកញ្ញា ជាថ្ងៃប្រារព្ធខួប «ទិវាអូហ្សូន ពិភពលោក» ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៥ មក ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ ក៏ដូចជាអបអរសាទរដល់សមិទ្ធផលនិងវឌ្ឍនភាពជាច្រើន ដែលយើងរួមគ្នាសម្រេចបាន សំដៅឆ្ពោះទៅ ការពារឱ្យបាននូវស្រទាប់អូហ្សូន។

តាមរយៈសារលិខិត លោក សាយ សំអាល់ ក្នុងនាមជារដ្ឋមន្ត្រីបរិស្ថាន ជំនួសមុខឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយបណ្តារដ្ឋាភិបាល និងប្រជាជននៃប្រទេសចំនួន១៩៨ នៅលើសកលលោក ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់ បានជួយថែរក្សាយើង ម្ហូបអាហារ និងវ៉ាក់សាំងរបស់យើងឱ្យត្រជាក់» (Montreal Protocol-Keeping us, our food and vaccines cool) ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យយល់ដឹងកាន់តែច្បាស់អំពី សារៈសំខាន់នៃស្រទាប់អូហ្សូនសម្រាប់ជីវិតលើភពផែនដីយើងនេះ និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លា បន្ថែមទៀត សំដៅថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្ដៅភពផែនដី។

លោករដ្ឋមន្ត្រីបរិស្ថាន បានបញ្ជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិជាច្រើននៅលើពិភពលោក រហូតមកដល់ពេលនេះ យើងបានលុបបំបាត់ស្ទើរទាំងស្រុងនូវសារធាតុបំផ្លាញស្រទាប់អូហ្សូន ហើយសង្ឃឹមថាស្រទាប់អូហ្សូននឹងអាចរួមក្ដិតមកវិញនៅក្នុងទសវត្សរ៍ឆ្នាំ២០៥០ខាងមុខ។ សារធាតុបំផ្លាញ ស្រទាប់អូហ្សូន ក៏ជាសារធាតុដែលមានសក្តានុពលធ្វើឱ្យកើនកម្ដៅខ្ពស់ផងដែរ ដូច្នេះកិច្ចខិតខំប្រឹងប្រែង របស់មនុស្សជាតិក្នុងការអនុវត្តពិធីសារម៉ុងរ៉េអាល់ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយ ការកើនកម្ដៅភពផែនដី។ ជាក់ស្ដែង ក្នុងចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ២០១០ ពិភពលោកបានរួមគ្នាកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនិកទៅក្នុងបរិយាកាស ប្រមាណ១៣៥ពាន់លានតោន។

ជាមួយគ្នានេះ ចាប់ពី ឆ្នាំ២០០០មក ស្រទាប់អូហ្សូនក៏បានឌិតឡើងវិញ ក្នុងអត្រាប្រមាណពី១-៣%ក្នុងមួយឆ្នាំ ដែលការភិ្ជតទាំងស្រុងនឹងអាចកើតមានឡើងនៅក្នុងឆ្នាំ២០៣០ សម្រាប់ប៉ូលខាងជើង និងក្នុងឆ្នាំ២០៥០ សម្រាប់ប៉ូលខាងត្បូង។ ទន្ទឹមនឹងការក្ខិតមកវិញនូវស្រទាប់អូហ្សូន យើងក៏សង្ឃឹមថានឹងអាចទប់ស្កាត់ ការកើនកម្តៅភពផែនដីផងដែរ តាមរយៈការអនុវត្តវិសោធនកម្មទីក្រុងគីហ្គាលី នៃពីធីសារម៉ុងរ៉េអាល់។

លោក សាយ សំអាល់ សូមចាត់ទុកការប្រារព្ធ «ទិវាអូហ្សូនពិភពលោក» នេះ ជាព្រឹត្តិការណ៍ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីភាពចាំបាច់ និងសារៈប្រយោជន៍ នៃការចូលរួមថែរក្សាការពារស្រទាប់អូហ្សូន ដែលជារបាំងការពារភពផែនដីពីកាំរស្មី ពណ៌ស្វាយ និងចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការកាត់បន្ថយការកើនកម្ដៅភពផែនដី ដូចពាក្យស្លោក បានបញ្ជាក់ច្បាស់ថា ស្រទាប់អូហ្សូនមានសារៈសំខាន់ជាចាំបាច់សម្រាប់ជីវិតទាំងអស់នៅលើភពផែនដី នាពេលបច្ចុប្បន្ន និងទៅអនាគត។

បន្ថែមពីនេះក្នុងនាមជារដ្ឋមន្ត្រីបរិស្ថាន លោក សាយ សំអាល់ មានជំនឿយ៉ាងមុតមាំថា តាមរយៈការចូលរួមយ៉ាងសកម្មរបស់ប្រជាជាតិទាំងអស់ ស្រទាប់អូហ្សូនអាចនឹងអាចវិលត្រឡប់មករកស្ថាន ភាពដើមវិញនៅពាក់កណ្តាលសតវត្សរ៍ទី២១នេះ។

លោក សាយ សំអាល់ បានសូមឱ្យស្មារតីនៃទិវាអូហ្សូនពិភពលោកនេះ ក្លាយជាស្មារតីនៃក្តីសង្ឃឹមជាអមតៈ និងជាចលករជំរុញឱ្យប្រជាជាតិទាំងអស់បន្តចូលរួមទប់ស្កាត់ការបំផ្លាញស្រទាប់អូហ្សូន និងកាត់បន្ថយការកើនឡើងកម្ដៅលើភពផែនដី សំដៅធានាឱ្យបាននូវគុណភាពបរិស្ថាន សុវត្ថិភាពន ប្រព័ន្ធអេកូឡូស៊ី និងការរស់នៅដោយសុខដុមរមនាសម្រាប់មនុស្សជាតិគ្រប់ជំនាន់៕

ខាងក្រោមនេះ ជាសារលិខិតរបស់លោក សាយ សំអាល់៖