(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ភាពជោគជ័យរបស់និស្សិត ស្ថិតនៅលើកត្តា០៣គឺ ការខិតខំប្រឹងប្រែង ការតស៊ូអំណត់ និងការព្យាយាមមិនបោះបង់ ប៉ុន្តែកត្តាទាំងនេះវាត្រូវចំណាយពេលវេលា ច្រើនដើម្បីលូតលាស់និងរីកចំរើន ព្រោះជោគជ័យធំត្រូវការពីជោគជ័យតូចៗទៅ ហើយវាទាមទារនូវកត្តាខ្លួនឯងនិងកត្តាផ្សេងៗទៀត។
លោក ហ៊ុន ម៉ាណែតបានលើកឡើងបែបនេះ ខណៈ អញ្ជើញចូលរួមក្នុងពិធីទិវាវប្បធម៌ចូលឆ្នាំប្រពៃណីជាតិ និងពិធីចែកប័ណ្ណ សរសើរនិងពិធីកតញ្ញូតាចំពោះមាតាបិតានៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិហៅកាត់ថា PPIU នៅថ្ងៃទី០១ ខែមេសា ឆ្នាំ ២០១៦។
កូនប្រុសច្បងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ រូបនេះ បានឲ្យដឹងថា «និស្សិតត្រូវរៀននៅក្នុងជីវិត រៀននៅក្នុងសាលា និងរៀន នៅក្រៅសាលាដែលការរៀននេះគឺមិនចប់នោះទេ។ ការរៀននៅក្នុងសាលាគឺរៀនទ្រឹស្តីដែលទ្រឹស្តីនេះ បានមកពីការចងក្រង ពីសង្គមឲ្យយើងសិក្សានិងអនុវត្តជាក់ស្តែងនៅក្នុងជីវិត។ ខ្ញុំសូមឱ្យនិស្សិតប្រៀបធៀបជីវិតយើងឱ្យដូចស្មៅ ព្រោះស្មៅ ជារុក្ខជាតិ ម្យ៉ាងដែលខិតខំដុះ លូតលាស់ គ្រប់ស្ថានភាពទាំងអស់វាទោះបីជាលំបាកយ៉ាងណាក៍ដោយ វាប្រៀបបាននឹង ការលើកទឹកចិត្ត ការខិតខំប្រឹងប្រឺង ការតស៊ូព្យាយាម មិនបោះបង់ដើម្បីជោគជ័យរបស់យើង»។
យោងតាមរបាយការណ៍របស់ លោកស្រី ទេព កុលាប សាកលវិទ្យាល័យ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានឱ្យដឹងថា ផ្តើមចេញពីចក្ខុវិស័យរបស់សាកលវិទ្យាល័យ គណៈគ្រប់គ្រងបានជ្រើសរើសនិស្សិតពូកែជំនាន់ទី ១០ ១១ ១២ និងទី១៣ ក្នុងឆ្នាំសិក្សា២០១៤ ២០១៥លើគ្រប់មុខជំនាញសរុបចំនួន១៦៣នាក់ ក្នុងនោះនិស្សិតអាហារូបករណ៍ សម្តេចតេជោ ចំនួន២២ដោយបានជ្រើសរើសពីចំណាត់ថ្នាក់ពីលេខ១ដល់លេខ៣ ដែលការប្រគល់ប័ណ្ណសរសើរនេះ គឺជាការលើកទឹកចិត្ត និស្សិតដែលបានខិតខំសិក្សារៀនសូត្រ។
គួរបញ្ជាក់ថា នៅក្នុងពិធីទិវាវប្បធម៌ចូលឆ្នាំប្រពៃណីជាតិ និងពិធីចែកប័ណ្ណ សរសើរនិងពិធីកតញ្ញូតាចំពោះមាតាបិតា នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ មានការតាំងពិពណ៌ម្ហូបអាហារដែលជាស្នាដៃនិស្សិត ការលែងល្បែងប្រជាប្រិយ និងការរាំលែងកម្សាន្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះផងដែរ៕