(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញលិខិតណែនាំដល់លោកអភិបាលក្រុងស្រុកទាំង៨ នៃខេត្តស្វាយរៀង ស្ដីពីការស្រង់ស្ថិតិកុមារដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ សម្រាប់ត្រៀមក្នុងផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តក្នុងខេត្តស្វាយរៀង។

យោងតាមការណែនាំរបស់គណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងការពារកូវីដ១៩ (គ.វ.ក-១៩) ដែលតម្រូវឱ្យអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ខេត្ត ត្រូវស្រង់ស្ថិតិកុមារទាំងអស់ ក្នុងខេត្តស្វាយរៀង ដែលមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្ត។

រដ្ឋបាលខេត្តស្វាយរៀង ក៏បានសូមស្នើដល់អភិបាលក្រុងស្រុកចាត់ចែងការងារខាងលើ ដោយទទួលស្មារតីខុសត្រូវខ្ពស់ និងផ្ញើទិន្នន័យមករដ្ឋបាលខេត្តឱ្យបានមុនថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ជាកំណត់៕