(ពោធិ៍សាត់)៖ អគារសាលប្រជុំធំថ្មី របស់សាលាខេត្តពោធិ៍សាត់ ដែលសាងសង់ឡើង ជាមួយនឹងក្បូរក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ រំលេចដោយនិមិត្តរូប នៃភាពស្មោះសបរិសុទ្ធសម្រាប់មនុស្សជាតិ ត្រូវបាននឹងកំពុងស្ថាបនាយ៉ាងមមាញឹក ហើយដែលអាចនឹងបញ្ចប់ការសាងសង់ ក្នុងអំឡុងខែមីនា ឬខែមេសា ឆ្នាំ២០២២ខាងមុខ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ម៉ិល ម៉ូលី (ឃ្លី) មេការសំណង់របស់ក្រុមហ៊ុន គីស៊ីយូនៀន ខូ.អិល.ធី.ឌី។

ជាក់ស្តែងនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយលោកនាយក នាយករង រដ្ឋបាលសាលាខេត្ត និងក្រុមវិស្វករ បានចុះត្រួតពិនិត្យអគារសាលប្រជុំនេះ ក្នុងគោលបំណងដើម្បីពន្លឿនការសាងសង់ និងបំពាក់គ្រឿងសង្ហារឹម ព្រមទាំងចំណុចដែលនៅសេសល់ រួមមានប្រក់ដំបូល ម៉ាស៊ីនត្រជាក់ តុ កៅអី ភ្លើងបំភ្លឺ...។ល។

នៅពេលផែនការសំណង់នេះស្ថាបនាបានរួចរាល់ អគារសាលប្រជុំធំថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់ការរៀបចំកិច្ចប្រជុំ ឬកម្មវិធីផ្លូវការនានា របស់រដ្ឋបាលខេត្ត ដែលអាចផ្ទុកមនុស្ស ឬក៏សិក្ខាកាម បានប្រមាណជា ៦០០ ទៅ៧០០នាក់។

គួរបញ្ជាក់ថា អគារសាលប្រជុំធំសាលាខេត្ត ត្រូវបានចាប់ផ្តើមសាងសង់កាលពីក្នុងអំឡុងឆ្នាំ២០១៩ ស្របគ្នាទៅនឹងការអភិវឌ្ឍសួនច្បារ១៤មករារ៉បមាត់ស្ទឹង ហើយនៅពេលនេះ ការសាងសង់សម្រេចបានប្រមាណ៨០% ហើយ។ អគារសាលប្រជុំថ្មីនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីក្នុងបរិវេណសាលាខេត្តពោធិ៍សាត់ ដែលមានទំហំជាង១ពាន់ម៉ែត្រការ៉េ បណ្ដោយ៥០ម៉ែត្រ ទទឹង២៥ម៉ែត្រ និងកម្ពស់៥០ម៉ែត្រ៕