(តាកែវ)៖ បុរសម្នាក់បានស្លាប់និងម្នាក់ទៀត បានរងរបួសធ្ងន់ដោយសារតែ រថយន្តស៊េរីទំនើប មួយគ្រឿងដែលបើកបរដោយ លោកស័ក្តិ៥ អនុប្រធាននគរបាលច្រកទ្វារអន្តជាតិភ្នំដិន បានបើកបុកយ៉ាងពេញទំហឹង។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ប្រមាណ៥ល្ងាចថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ២ ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំពេជ្រសា ស្រុកកោះអណ្ដែត ខេត្តតាកែវ។
លោក ជា សុជាតិ អធិការរងនគបាលស្រុកោះអណ្ដែត ទទួលបន្ទុកចរាចរណ៍បានថ្លែងឲ្យដឹងថា រថយន្តបង្កម៉ាក Camry Hybrid ពណ៌ទឹកមាស ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ 2L-8891 បើកបរដោយឈ្មោះ ប៊ុន ចន្ថា អាយុ៤៨ឆ្នាំ មានមុខរបជាអនុប្រធាន នគរបាលច្រកទ្វារអន្តរជាតិភ្នំដិន និងមានទីលំនៅក្នុងភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ។
ដោយឡែកជនរងគ្រោះបើកម៉ូតូម៉ាកហុងដា ពាក់ស្លាកលេខ តាកែវ 1G-4694 បើកបរដោយឈ្មោះ ប្រាក់ សុខុម ភេទប្រុស អាយុ២៥ ឆ្នាំ មានទីលំនៅនៅក្នុងក្រុងដូនកែវ «ស្លាប់» និងអ្នករួមដំណើរម្នាក់ទៀតបានរងរបួសធ្ងន់ឈ្មោះ នី មានថៃ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្នុងក្រុងដូនកែវ។
បើតាមលោកអធិការងស្រុកកោះអណ្ដែត មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្ដាលមកពីរថយន្តរបស់លោកអនុប្រធាន នគរបាលច្រកទ្វារភ្នំដិន បានបែកកង់ខាងស្ដាំ ហើយក៏វេចង្កូតទៅបុកម៉ូតូ ដែលបើកបញ្ច្រាសទិសគ្នា។ ក្រោយកើតហេតុភ្លាមលោកស័ក្តិ៥ ក៏បានដាក់មេប្រូចតែម្ដង។
យោងតាមប្រជាពលរដ្ឋដែលបានឃើញហេតុការបានប្រាប់ឲ្យដឹងថា មូលហេតុដែលឈានដល់គ្រោះថ្នាក់ចររាចរណ៍នេះគឺបណ្ដា មកពីលោកស័ក្តិ៥ ប៊ុន ចន្ថា បានបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ជាពិសេសទៅទៀតនោះ គេឃើញលោកស័ក្តិ៥ ស្រវឹងជោគជាំផងដែរ។
បច្ចុប្បន្នរថយន្តនិងម៉ូតូរបស់ជនរងគ្រោះ ត្រូវបានយកមករក្សាទុកនៅ ស្នងការដ្ឋាននគបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿង តាមនិតិវិធីច្បាប់៕