(ភ្នំពេញ)៖ អភិបាលបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន បានអំពាវនាវដល់មាតា បិតា អាណាព្យាបាលនាំកូនៗ ក្មួយៗ ដែលមានអាយុចាប់ពី៦ឆ្នាំ ដល់១២ឆ្នាំ អញ្ជើញទៅចាក់វ៉ាក់សាំងការពារឲ្យជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា នៅមណ្ឌលសុខភាពទួលស្វាយព្រៃ ស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី២ នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១។

សេចក្តីអំពាវនាវរបស់លោក ធឹម សំអាន ធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ខណៈលោកអញ្ជើញចុះចែកអំណោយជូនដល់បងប្អូនប្រពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាត ចំនួន៣០គ្រួសារ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ បានមួយរយៈពេលខ្លី។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា «៣កុំ ៣ការពារ»

នៅក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនពូមីងនៅក្នុងឱកាសនេះផងដែរ។

ក្នុងឱកាសនោះដែរ លោក ធឹម សំអាន ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលជានិច្ចកាល លោកតែងគិតគូរ យកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋខ្វះខាតផ្នែកជីវភាព ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។

ឆ្លៀតពេលនាឱកាសនោះ លោក ធឹម សំអាន បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទាំងមូល ទោះបីក្នុងរាជធានីភ្នំពេញ ពិសេសក្នុងមូលដ្ឋានខណ្ឌបឹងកេងកង មានការថយចុះខ្លាំងក្តី ក៏សូមបងប្អូនបន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ហើយជាពិសេសដោយត្រូវការពារនៃការឆ្លងរាលដាលមេរោគបម្លែងថ្មី «ដែលតា» ដែលកំពុងតែឆ្លងចូលក្នុងសហគមន៍ និងក្នុងប្រទេសកម្ពុជាយើង បើនិយាយជារួម បើនិយាយដោយឡែកនៅរាជធានីភ្នំពេញផងដែរ។

លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ បានបញ្ជាក់ថា អំណោយរួមមាន៖

*អង្ករ ១០គីឡូ ចំនួន ០១បាវ
*មី ចំនួន១០កញ្ចប់
*ទឹកត្រី២ដប
*ទឹកស៉ីអ៉ីវ២ដប
*ត្រីខ៣កំប៉ុង៕