(ភ្នំពេញ)៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា រដ្ឋាភិបាលជប៉ុនពេលនេះ កំពុងអនុម័តច្បាប់មួយ ដែលផ្តល់ឱកាសដល់អ្នករៀនជំនាញជួសជុលរថយន្តនៅកម្ពុជា ទទួលបានឱកាសការងារនិងការ បណ្តុះបណ្តាល នៅប្រទេសជប៉ុន កាន់តែច្រើន។
លោក ពេជ សោភ័ន បានអះអាងបែបនេះ ប្រាប់អ្នកសារព័ត៌មាន នៅព្រលានយន្តអន្តរជាតិភ្នំពេញបន្ទាប់ពីលោក និងប្រតិភូកម្ពុជា បញ្ចប់ទស្សនកិច្ចសិក្សាស្តីពីការពង្រឹងសមត្ថភាពលើវិស័យបណ្តុះបណ្តាលបច្ចេកទេសរថយន្តនៅប្រទេសជប៉ុន រយៈពេល៤ថ្ងៃ កាលពីយប់ម្សិលមិញ។
លោក ពេជ សោភ័ន បានលើកឡើងថា កន្លងទៅច្បាប់នៅប្រទេសជប៉ុនមានលក្ខណៈតឹងរឹង សម្រាប់ការនាំពលករ ឬបុគ្គលិកបរទេស ទៅធ្វើការនៅប្រទេសជប៉ុន ប៉ុន្តែក្នុងខែនេះសភាជប៉ុននឹងអនុម័តច្បាប់មួយ ដែលអនុគ្រោះឱ្យពលករបរទេសទៅចូលរួមក្នុងផ្នែក ជួសជុលរថយន្ត។ លោកថា ប្រទេសជប៉ុនពេលនេះ កំពុងត្រូវការអ្នកជំនាញជួសជុលរថយន្ត កាន់តែច្រើន។
លោកបានបន្ថែមថា ច្បាប់នេះនឹងផ្តល់ឱកាសដល់យុវជនដែលកំពុងរៀនជំនាញជួសជុលរថយន្ត នៅកម្ពុជា មានឱកាសអាច ទទួលបានការងារ និងការបណ្តុះបណ្តាលបន្ថែមលើផ្នែក ជួសជុលរថយន្ត នៅក្នុងប្រទេសជប៉ុន កាន់តែច្រើនឡើងថែមទៀត។
សូមបញ្ជាក់ថា ក្នុងរយៈពេល៤ថ្ងៃ នៃទស្សនកិច្ចនៅប្រទេសជប៉ុននេះ គណៈប្រតិភូរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាបានជួបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល និងសមាជិកសភាជប៉ុនជាច្រើនផងដែរ។ ភាគីជប៉ុនទាំងនោះបានបង្ហាញការគាំទ្រ ក្នុងការផ្តល់ជំនួយជប៉ុនដល់កម្ពុជាបន្ថែម សម្រាប់ការបណ្តុះបណ្តាលយុវជនក្នុងជំនាញជួសជុលរថយន្ត។ លោក ពេជ សោភ័ន បាននិយាយថា គម្រោងថ្មីក្នុងការបណ្តុះបណ្តាលយុវជន លើជំនាញជួសជុលរថយន្តនេះ នឹងមានទំហំធំជាងមុន៕