(ឧត្តរមានជ័យ)៖ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋរស់នៅលើតំបន់សមរភូមិប្រយុទ្ធនាអំឡុងទសវត្សរ៍ឆ្នាំ៨០ រហូតដល់ចុងទសវត្សរ៍ឆ្នាំ ៩០ បានជួបជុំគ្នាហូបនំបញ្ចុកសាមគ្គីដោយក្តីរីករាយ ដើម្បីអបអរសាទរមុនការឈានចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិរបស់ខ្មែរ។
ការហូបនំបញ្ចុកសាមគ្គីរៀបចំឡើងដោយលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ បានធ្វើឲ្យប្រជាពលរដ្ឋលើដែនដីប្រទល់ដែនថៃមួយនេះ សប្បាយរីករាយគ្រប់ៗគ្នា។ ពួកគាត់បានលើងឡើងថា មិនដែលបានចូលរួម កម្មវិធីសប្បាយៗបែបនេះឡើយពីមុនមក។
លោក ស ថាវី បានរៀបចំពិធីជប់លៀងនេះឡើងតាមការសន្យារបស់ខ្លួន ក្នុងឱកាសសម្ពោធភូមិថ្មីជូនប្រជាពលរដ្ឋកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ។ ពិធីជប់លៀងនេះ មានប្រជាពលរដ្ឋចូលរួមប្រមាណ ៨០០នាក់ ដោយហូបនំបញ្ចុក ១តោន និង នំបុ័ង ២,០០០ដើម ព្រមទាំងមានការប្រគំតន្រ្តីកំដរ និងរាំកម្សាន្តផងដែរ។
លោក ស ថាវី បានសំដែងក្តីសប្បាយចិត្តចំពោះកម្មវិធីហូបនំបញ្ចុកជុំគ្នាជាមួយប្រជាពលរដ្ឋនេះ។ លោក ស ថាវី បានលើកឡើងថា ការហូបនំបញ្ចុកសាមគ្គីនេះ បានឆ្លុះបញ្ចាំងឲ្យឃើញភាពស្និទ្ធស្នាល និងការគិតគូរយកចិត្តទុកដាក់របស់អជ្ញាធរ ចំពោះប្រជាពលរដ្ឋ ។
លោក ស ថាវី ក៏បានឆ្លៀតថ្លែងបញ្ចើចបញ្ចើទៅកាន់បក្សនយោបាយក្រៅរដ្ឋាភិបាលថា បានតែដើរនិយាយអួត តែមិនដែលបានជួយ ប្រជាពលរដ្ឋ និងនាំភាពរីករាយជូនប្រជាពលរដ្ឋនោះទេ។ លោកអភិបាលខេត្ត បានថ្លែងដូច្នេះ «អ្នកនយោបាយខ្លះចេះតែដើរអួត ដើរ ប្រូប្រជាពលរដ្ឋ តែមិនដែលជួយប្រជាពលរដ្ឋទេ ដែលផ្ទុយពីរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទី កន្លែង»។
លោក ស ថាវី បានបន្តថា នៅក្នុងខេត្តឧត្តរមានជ័យ មាននាយឧត្តមសេនីយ៍ គន់ គីម ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្ត នោះ តែងតែគិតគូរអំពីរសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងដូចជាប្រជាពលរដ្ឋភូមិស្រះកែវ មិនត្រឹមតែទទួលបាន ដីលំនៅដ្ឋានក្បាល ៥០ម៉ែត្រ បណ្តោយ ១០០ម៉ែត្រ និងដីបង្កបង្កើនផល ២ហិកតាប៉ុណ្ណោះទេថែមទាំងមានផ្លូវ សាលារៀន មណ្ឌល សុខភាព វត្តអារ៉ាម និងប្រឡាយទឹកទៀតផង។
ប្រជាពលរដ្ឋបានសំដែងក្តីសប្បាយរីករាយ ចំពោះលោក ស ថាវី ដែលបានរៀបចំកម្មវិធីនេះឡើង ធ្វើឲ្យពួកគាត់មិនអាចបំភ្លេចបាន ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយ សុខសាន្ត៕