(វ៉ាស៊ីនតោន)៖ មេដឹកនាំប្រទេសមហាអំណាចកំពូលៗ និងប្រទេសដែលមានសក្តានុពល ផ្នែកនុយក្លេអ៊ែរ សរុបជាង៥០ប្រទេស បានប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងទាំងថ្នាក់ជាតិ និង អន្តរជាតិ ដើម្បីការពារ ពិភពលោកពីការគម្រាមកំហែង ដោយអំភេរវកម្មនុយក្លេអ៊ែរ ដែលអាចនឹងកើតឡើងប្រសិនបើមាន ការធ្វេសប្រហែសតែបន្តិចប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០១៦។
កិច្ចប្រជុំកំពូលស្តីពីសន្តិសុខនុយក្លេអ៊ែរអន្តរជាតិ (NSS) ដែលបានប្រារព្ធឡើងនៅរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានចេញ សេចក្តីថ្លែងការណ៍រួមនៅមុននេះបន្តិច និងមានខ្លឹមសារសំខាន់ៗមួយចំនួន ដូចជា «ការគម្រាមកំហែងនៃនុយក្លេអ៊ែរ និងពួកភេរវកម្ម ជាបណ្តាញ នៅតែជាបញ្ហាប្រឈមធំបំផុត សម្រាប់សន្តិសុខរបស់អន្តរជាតិ ហើយការគម្រាមកំហែងបែបនេះ គឺកំពុងរីកធំឡើង ជាលំដាប់»។
ពិភពលោក បានព្រមព្រៀងគ្នាថា កម្មវិធីនុយក្លេអ៊ែរនីមួយៗ ត្រូវតែធ្វើឡើងក្នុងគោលដៅសន្តិភាព និងបម្រើវិស័យសេដ្ឋកិច្ច យ៉ាងពិតប្រាកដ ដោយមិនត្រូវមានចេតនាណាមួយ លួចលាក់អភិវឌ្ឍន៍វា ទៅជាអាវុធប្រល័យលោក។ ការលើកឡើងបែបនេះ គឺចង់សំដៅទៅលើកូរ៉េខាងជើង ដែលកំពុង អភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ និង អាវុធប្រល័យលោកជាច្រើនប្រភេទទៀត។
គួរបញ្ជាក់ថា មេដឹកនាំប្រទេសចំនួនជាង៥០បានមកជួបប្រជុំគ្នាក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចូលរួម កិច្ចប្រជុំកំពូលស្តីពីសន្តិសុខ នុយក្លេអ៊ែរ ដែលក្នុងនោះមានមេដឹកនាំមកពី ប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន បារាំង ឥណ្ឌា ម៉ិចស៊ិកូ អង់គ្លេស កាណាដា អ៊ីតាលី អាហ្សង់ទីន កាហ្សាក់ស្ថាន និងប្រទេស មួយចំនួនធំទៀតដែលពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរ។ ដោយឡែកប្រទេសរុស្ស៊ី បានជូនដំណឹងមក តាំងពីខែតុលា ឆ្នាំ២០១៥ មកម្ល៉េះ ថា ខ្លួននឹងមិនបានចូលរួមកិច្ចប្រជុំនេះឡើយ៕