(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាបន្តកិច្ចប្រជុំតាមប្រព័ន្ធ Zoom ជាមួយថ្នាក់ដឹកនាំ និងសមាជិក សកម្មជនដែលគ្របដណ្តប់លើខេត្តចំនួន៨ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ធំ ព្រះវិហារ សៀមរាប និងឧត្តរមានជ័យ ដើម្បីពង្រឹងស្មារតី អនុវត្តផែនការយុទ្ធសាស្រ្តឆ្ពោះទៅកាន់ការបោះឆ្នោត ២០២២-២០២៣។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា។

លោកប្រធានគណៈចលនា បានកោតសរសើរដល់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា គណៈចលនាគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ក្រោមខ្សែបណ្តោយរបស់គណៈចលនា ដែលជាសេនាធិការផ្ទាល់របស់គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ដែលតែងតែមានសកម្មភាពផុលផុស នៅតាមបណ្តាមូលដ្ឋានសហគមន៍ខ្មែរឥស្លាម។

ជាមួយគ្នានេះ លោក អូស្មាន ហាស្សាន់ បានជំរុញឲ្យមានការយកចិត្តទុកដាក់ ក្នុងការរៀបចំជារបាយការណ៍មកថ្នាក់កណ្តាល នូវរាល់សកម្មភាពនានា នៅមូលដ្ឋាន ដើម្បីធ្វើការតាមដានបច្ចុប្បន្នភាពការងារកាន់តែមានប្រសិទ្ធភាព ជាពិសេសការក្តាប់ឲ្យបានកាន់តែច្បាស់លាស់ពីសមិទ្ធផលជាវិជ្ជមាននានា ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសកម្មជនគណៈលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា៕