(ភ្នំពេញ)៖ ទ្រូម៉ាន់នីដែលជាក្រុមហ៊ុនវេរលុយ ដ៏ល្បីល្បាញមួយកំពុងតែពង្រីកវិសាលភាព និងកិត្តិនាមរបស់ខ្លួនទូទាំងកម្ពុជានោះ បានរៀបចំនូវកម្មវិធិសន្និសិទកាសែតដ៏ធំមួយ ដែលមានការចូលរួមពីភ្ញៀវកិត្តិយស គ្រប់ជាន់ថ្នាក់ជាច្រើនរូប នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ព្រមទាំងបានរៀបចំឡើងនូវកម្មវិធីប្រគំតន្រ្តីទ្រូម៉ាន់នីខ្នាតយក្សមួយ នៅមជ្ឈមណ្ឌលកោះពេជ្រ។

លោក គង់ មាន នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនទ្រូម៉ាន់នី ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «ក្រុមហ៊ុនទ្រូម៉ាន់នីយើង ដែលមានដៃគូសហការជាមួយ ធនាគារហ្វីលីពបានទទួលអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា ដើម្បីបម្រើសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ដូចជាវេរលុយ ដាក់លុយ ដកលុយ បង់វិក្កយបត្រ បើកប្រាក់បៀរវត្ស និងបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ។ មូលហេតុដែលយើងឈានជើង ប្រឡូកចូលទីផ្សារកម្ពុជា គឺដោយសារយើងឃើញថា ប្រជាជនកម្ពុជា ៩០% មិនវេរលុយតាមធនាគារនោះទេ ដែលជាហានិភ័យមួយសម្រាប់ពួកគាត់ ចំពោះការបាត់បង់ជាយថាហេតុ ដូច្នេះយើងមកទីនេះ ដើម្បីជួយសម្រួលតាមរយៈសេវាកម្ម ទាំងអស់នេះឲ្យបានកាន់តែរហ័ស ងាយស្រួល ព្រមទាំងមានសុវត្ថិភាពទៀតផង ដូចទៅនឹងពាក្យស្លោករបស់ក្រុមហ៊ុនយើងខ្ញុំ គឺ ដាក់ស្រួល ដកស្រួល និងមានសុវត្ថិភាព»។

លោក ហាន់ពេងក្វាន់ នាយកគ្រប់គ្រងទូទៅ ធនាគារហ្វីលីពថ្លែងថា «ធនាគារ ហ្វីលីព គឺជាផ្នែកមួយរបស់ក្រុមហ៊ុន ហ្វីលីពខេបពីថលគ្រុប (Phillip Capital Group) ដែលមានមូលដ្ឋាន នៅប្រទេសសឹង្ហបុរី ហើយចាប់កំណើតតាំងពីឆ្នាំ ១៩៧៥ មកម្ល៉េះ។ យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលធនាគារហ្វីលីពរបស់យើងបានចាប់ដៃគូសហការជាមួយក្រុមហ៊ុនទ្រូម៉ាន់នី ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីឲ្យក្រុមហ៊ុនទ្រូម៉ាន់នីអាចជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនកម្ពុជាឲ្យកាន់តែល្អប្រសើរ»។

លោក គង់ មាន បានថ្លែងឲ្យដឹងទៀតថា «ក្រុមហ៊ុនទ្រូម៉ាន់នីនៅកម្ពុជា ផ្តល់នូវតម្លៃសេវាកម្មដែលសមរម្យបំផុត ធ្វើយ៉ាងណាដើម្បីធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជាកាន់តែ មានភាពល្អប្រសើរ។ យើងគ្មានទស្សនវិស័យប្រកួតប្រជែង តម្លៃជាមួយក្រុមហ៊ុនដទៃនោះទេ គឺយើងផ្តោតសំខាន់តែលើគុណភាព សេវាកម្ម និងគ្រប់ភ្នាក់ងាររបស់យើងតែប៉ុណ្ណោះ»។

លោក គង់ មាន ថ្លែងទៀតថា «ឥឡូវនេះ យើងមានភ្នាក់ងារដល់ទៅ ៥០០០ កន្លែងក្នុងខេត្តចំនួន ២៥ លើទឹកដីកម្ពុជា ហើយយើងនឹងពង្រីកបន្ថែម ឲ្យកាន់តែច្រើនទៀត ដើម្បីឲ្យអ្នកប្រើប្រាស់សេវាកម្មយើងងាយស្វែងរក និងចរាចរណ៍សាច់ប្រាក់បានកាន់តែរហ័ស។ លើពីនេះទៅទៀត ក្រុមហ៊ុនទ្រូម៉ាន់នី មានការិយាល័យនៅ៦ប្រទេស ដូចជាប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម ក្រុមហ៊ុននឹងពង្រីកអាជីវកម្មខ្លួន នៅគ្រប់ប្រទេសទាំងអស់ ទូទាំងអាស៊ាន នៅចុងឆ្នាំ២០១៦ ខាងមុខនេះ»។

ក្រុមហ៊ុនទ្រូម៉ាន់នី និងធនាគារហ្វីលីព គឺជាដៃគូសហការដ៏ស័ក្តិសមបំផុត ទាំងគុណភាពនៃសេវាកម្ម ទស្សនវិស័យ និងគោលដៅផែនការនាពេលអនាគត ដោយលោកហាន់ពេងក្វាន់បានថ្លែងថាឥឡូវនេះធនាគារលោកមានបុគ្គលិកបម្រើការ ៣៥០០ នាក់ ហើយមានអតិថិជនដល់ទៅ ៩ សែននាក់ទូទាំងពិភពលោក ដែលសរុបជាទឹកប្រាក់មានដល់ទៅ ៣០ ពាន់លានដុល្លារ។

ក្រោយពីសន្និសិទកាសែតបានបញ្ចប់នៅម៉ោង៤រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ កម្មវិធីប្រគំតន្រ្តីទ្រូម៉ាន់នីដ៏កក្រើកបានលេចឡើង នៅម៉ោង៦ល្ងាចនៅមជ្ឈមណ្ឌលកោះពេជ្រក្នុងបរិកាសអ៊ូអរ និងរីករាយជាមួយនឹងទស្សនិកជនជាច្រើនពាន់នាក់ស្រែកហ៊ោកញ្ជ្រៀវ ដោយសារតែវត្តមានតារាកិត្តិយសដ៏ល្បីឈ្មោះ ខេមរៈ សេរីមន្ត ឱក សុគន្ធកញ្ញា ខេម និងក្រុមកំប្លែង CTN ពែកមី៕