គណបក្សយុវជនកម្ពុជា ត្រៀមប្តឹងក្រុមហ៊ុន លី ឈួង ដោយចោទថា បើករថយន្តបុកសមាជិកខ្លួនរបួសធ្ងន់ ហើយមិនទទួលខុសត្រូវ
01-04-2016 22:34
(ត្បូងឃ្មុំ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រាប់ Fresh News ឱ្យដឹងថា គណបក្សរបស់លោកពេលនេះ កំពុងត្រៀមប្តឹងក្រុមហ៊ុន លី ឈួង ដែលទទួលសិទ្ធិសាងសង់នៅក្នុងខេត្តត្បូងឃ្មុំ ដោយចោទក្រុមហ៊ុននេះថា មិនទទួលខុសត្រូវ នៅពេលរថយន្តក្រុមហ៊ុនបុក សមាជិករបស់គណបក្សយុវជនម្នាក់របួសធ្ងន់។
លោក ពេជ្រ ស្រស់ បាននិយាយថា សមាជិកប្រតិបត្តិខេត្តត្បូងឃ្មុំ នៃគណបក្សយុវជនកម្ពុជាម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចការដ្ឋានសាងសង់របស់ក្រុមហ៊ុន លី ឈួង នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ។ លោកថា នៅពេលគ្រោះថ្នាក់ភ្លាមៗ ភាគីក្រុមហ៊ុនបានចេញមកសម្រួល ឱ្យយកឡានទៅជួសជុលហើយខាងក្រុមហ៊ុនធានា ចេញសងថ្លៃខួចខាតជាថ្នូរនៃការមិនប្តឹង ប៉ុន្តែក្រោយពីបានជួសជុលរួចរាល់ហើយ ខាងក្រុមហ៊ុនបែរជាគេចពីការទទួលខុសត្រូវទៅវិញ ដោយតំណាងក្រុមហ៊ុននោះ បង្គាប់ឱ្យជនរងគ្រោះទៅតាមចាប់អ្នកបើកបរទៅវិញ។
លោក ពេជ្រ ស្រស់ បានលើកឡើងថា «ករណីនេះខ្ញុំបានទាក់ទង ទៅតំណាងក្រុមហ៊ុនលីឈួងដែរ ប៉ុន្តែបែរជាមិនព្រមជួបនឹងខ្ញុំ ដោយយកលេសថារវល់។ ជនរងគ្រោះបានយកឡាន ទៅធ្វើរួចហើយនៅឡើយថ្លៃជួសជុល មិនទាន់ទទួលបាននៅឡើយទេ»។
ទោះជាយ៉ាងនេះក្តី នេះគ្រាន់តែជាការលើកឡើងរ បស់ប្រធានគណបក្សយុវជនលោក ពេជ្រ ស្រស់ ប៉ុណ្ណោះ ។ ចំណែកការបំភ្លឺពីក្រុមហ៊ុនយ៉ាងណានោះ Fresh News មិនទាន់អាចទាក់ទងដើម្បីសុំការបកស្រាយនៅឡើយទេ៕