(ព្រះវិហារ)៖ អគារបណ្ណាល័យចំនួនពីរ ស្ថិតក្នុងទីតាំងផ្សេងគ្នា នៅខេត្តព្រះវិហារ ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់លោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលព្រះវិហារ និង លោក អ៊ុំ ម៉ារ៉ា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ។ អគារបណ្ណាល័យទាំងពីរនេះ ជាគម្រោងសង្គមមួយ ដែលបានផ្ដួចផ្ដើម និងគាំទ្រថវិកាដោយប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នាំមុខគេនៅកម្ពុជា។

កម្មវិធីសម្ពោធនេះប្រព្រឹត្តទៅនាពេលថ្មីៗនេះ ក្រោមស្នាមញញឹម និងការអបអរសាទរ ពីសំណាក់ប្រតិភូអមដំណើរ មន្ទីរនានា អាជ្ញាធរមូលដ្ឋាន ថ្នាក់គ្រប់គ្រងប្រាសាក់ សហគមន៍ លោកគ្រូអ្នកគ្រូ និង សិស្សានុសិស្សជាច្រើនរាប់រយនាក់។

លោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានថ្លែងថា ប្រាសាក់បានធ្វើពិធីសម្ពោធ អគារបណ្ណាល័យចំនួនពីរ នៅកន្លែងពីរផ្សេងគ្នា។ កម្មវិធីសម្ពោធអគារបណ្ណាល័យ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យហ្មសែត ស្ថិតក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ហើយក៏ជាថ្ងៃបើកសម្ពោធអគារ បណ្ណាល័យមួយទៀត នៅសាលាបឋមសិក្សាគូលែន ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

លោកបានបន្តទៀតថា «អគារបណ្ណាល័យទាំងពីរនេះ ជាអគារបណ្ណាល័យទី១៥ និងទី១៦ដែលស្ថិតនៅក្នុងគម្រោង អគារបណ្ណាល័យទាំង១៧ ដែលប្រាសាក់ និងសហគមន៍បានបង្កើតឡើង ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំ និងជំរុញវប្បធម៌អាននៅកម្ពុជា។ បណ្ណាល័យនេះក៏ជា កេរមរតកនិងជាទ្រព្យមិនចេះរីងស្ងួតសម្រាប់ទុកជូនសិស្សានុសិស្ស ដែលជាកូនចៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ទាំងក្នុងបច្ចុប្បន្ន និងទៅអនាគត»។

លោក សួស យ៉ារ៉ា បាថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍសង្គមនាពេលកន្លងមក ដោយមានការផ្ដល់សេវាហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយកម្រិតជីវភាព និងចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា»។
លោកក៏បានអំពាវនាវឲ្យលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សចូលរួមថែរក្សា អគារបណ្ណាល័យនេះ ឲ្យបានល្អប្រសើរដើម្បីប្រើប្រាស់ ទៅថ្ងៃមុខទៀតបានយូរអង្វែង។

ម្យ៉ាងវិញទៀត លោកក៏បានលើកទឹកចិត្ត ឲ្យសិស្សានុសិស្សត្រូវស្រលាញ់ការអាន ចាប់យកទម្លាប់នៃការអាន សិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍសមត្ថភាព ឲ្យបានខ្លាំងក្លា ដើម្បីចូលរួមអភិវឌ្ឍប្រទេស នៅក្នុងបរិបទនៃសាកលភាវូបនីយកម្ម និងសមាហរណកម្មសហគមន៍អាស៊ាន។

លោក អ៊ុំ ម៉ារ៉ា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងអំណរគុណដល់ប្រាសាក់ ដែលបានផ្ដល់អគារបណ្ណាល័យទាំងពីរនេះ ដល់ខេត្តរបស់លោក។ ក្រៅពីផ្ដល់សេវាហិរញ្ញវត្ថុ ដល់ប្រជាជនក្នុងមូលដ្ឋាន ការផ្ដល់អគារបណ្ណាល័យនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ របស់ប្រាសាក់ចំពោះសុខុមាលភាពសង្គម និង ការចូលរួមលើកស្ទួយវិស័យអប់រំ នៅខេត្តទាំងមូល។

លោកបានផ្តែផ្តាំដល់សិស្សានុសិស្សថា «បណ្ណាល័យគឺជាឃ្លាំងចំណេះដឹងដ៏សំខាន់សម្រាប់អភិវឌ្ឍចំណេះដឹង ដែលសិស្សានុសិស្សអាចចូលអានទាំងអស់គ្នាដោយសេរី ប៉ុន្តែបើយើងមិនបានប្រើប្រាស់ ជាប្រយោជន៍នោះទេ វាគ្រាន់តែជាឃ្លាំងប៉ុណ្ណោះ»៕