(ភ្នំពេញ)៖ សមិទ្ធផលថ្មីក្នុងក្រសួងពាណិជ្ជកម្មតម្លៃជាង ១,៨លានដុល្លារអាមេរិក រួមមានអគាររដ្ឋបាល ខ្លោងទ្វារ របង និង ផ្លូវក្រាល  កៅស៊ូ A/C ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦នេះ។ សមិទ្ធផលទាំងនេះ បានកើតមាន បន្ទាប់ ពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចូលទៅកាន់តំណែងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរយៈពេលជាង ២ឆ្នាំ ដើម្បីបម្រើសេវាជូនប្រជា ពលរដ្ឋឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ពិធីសម្ពោធសមិទ្ធផលថ្មីនៅក្នុងក្រសួងពាណិជ្ជកម្មនាថ្ងៃនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល  រួមនិងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីនៅក្នុងក្រសួងពាណិជ្ជកម្មផងដែរ។ យោងតាមរបាយការណ៍សាងសង់បានឲ្យដឹងថា សមិទ្ធផលថ្មី នេះរួមមាន៖ ផ្លូវក្រាលកៅស៊ូ A/C ប្រវែង ១៩ម៉ែត្រ និងទទឹង ១០ម៉ែត្រ របងសងខាងផ្លូវប្រវែង ៥៨០ម៉ែត្រ ខ្លោងទ្វារថ្មី និង ការ រៀបចំដើមឈើលំអផ្លូវចូលក្រសួងប្រើថវិកាជិត ៣ពាន់លានរៀល (២,៧៩៩,០៧៩,០០០រៀល) ស្មើនិងជាង ៦៩ម៉ឺនដុល្លារ។

សាងសង់អគាររដ្ឋបាលថ្មី មានកម្ពស់ ៤ជាន់ បណ្តោយ ៩២,៣៥ម៉ែត្រ និងទទឹង ៩ម៉ែត្រ មានបន្ទប់ការិយាល័យធ្វើការចំនួន ២៧  បន្ទប់ប្រជុំខ្នាតតូចចំនួន ០២ បន្ទប់ប្រជុំខ្នាតមធ្យមចំនួន ០២ សាលប្រជុំធំចំនួន ០១ ដែលអាចផ្ទុកមនុស្សបាន ២៥០នាក់ ហើយ អគារនេះ ក៏មានចំណតរថយន្តនៅជាន់ផ្ទាល់ដីផងដែរ។ ក្នុងអគារបានបំពាក់បណ្តាញខ្សែកាប្លិ៍ អ៉ីនធើណេត ដោយចំណាយថវិកា  ១,៨៦៣,១០០ដុល្លារអាមេរិក។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានចាត់ទុកសមិទ្ធផលទាំងអស់នេះ ជាការលើកម្ពស់មុខមាត់ប្រទេសជាតិ ក៏ដូចជាក្រសួងពាណិ  ជ្ជកម្ម ជាពិសេសជាការជួយសម្រួលការងាររបស់មន្រ្តីរាជការ ហើយក៏ជួយឲ្យការបម្រើសេវាជូនប្រជាពលរដ្ឋ និង អ្នកវិនិយោគ បាន កាន់តែល្អប្រសើរថែមទៀត។

ក្នុងឱកាសសម្ពោធសមិទ្ធផលថ្មីនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញលើកទឹកចិត្តមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ឲ្យខិតខំបំ  ពេញភារកិច្ច ដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រកាន់ខ្ជាប់នូវស្មារតីសាមគី្គគ្នាជាធ្លុងក្នុងការដោះស្រាយបញ្ហានានា  ដើម្បីដឹកនាំក្រសួងឲ្យកាន់តែមានការរីកចម្រើនថែមទៀត។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ជ្រើសតាំងធ្វើជារដ្ឋមន្រ្តី នៃក្រសួងពាណិជ្ជ  កម្មក្នុងអាណត្តិទី៥ កាលពីចុងឆ្នាំ២០១៣។ ក្រោយចូលកាន់តំណែងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានធ្វើកំណែ ទម្រង់ជាច្រើននៅក្នុងក្រសួង ដើម្បីជួយឲ្យវិស័យពាណិជ្ជកម្មនៅកម្ពុជាកាន់តែល្អប្រសើរ។

ការងារ ដែលនាំឲ្យចាប់អារម្មណ៍ខ្លាំងនោះ ក្រសួងពាណិជ្ជរបស់កម្ពុជា ដែលធ្លាប់តែអត់មានខ្លោងទ្វារ និងផ្លូវ ចូលទៅកាន់ក្រសួងត្រូវ  បានលោក ស៊ុន ចាន់ថុល រៀបចំទិញដី និង កសាងខ្លោងទ្វារឡើង ដើម្បីជាការសម្គាល់អត្តសញ្ញាណរបស់ក្រសួង។

លោក ស៊ុន ចាន់ថុល បានក្លាយជារដ្ឋមន្រ្តីមួយរូប ដែលលេចធ្លោក្នុងអាណត្តិថ្មី នៃរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន  ហើយមានប្រជាពលរដ្ឋជាច្រើនបានកោតសរសើរស្នាដៃរបស់លោក។

សមិទ្ធផលលេចធ្លោ ដែលលោក ស៊ុន ចាន់ថុល សម្រេចបានក្នុងរយៈពេលជាងពីរឆ្នាំក្នុងក្រសួងពាណិជ្ជកម្ម មានដូចជា៖ ការបង្កើត ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញ ប្រព័ន្ធស្នើសុំបញ្ជាក់ប្រភពដើមទំនិញ (CO) តាមអនឡាញ ការបង្កើតអគ្គនាយកដ្ឋាន និង នាយកដ្ឋានជាច្រើនទៀត ដើម្បីសម្រួល និង ដោះស្រាយការងារពាណិជ្ជកម្មឲ្យមានប្រសិទ្ធភាព និង ទាន់ពេលវេលា។

លោក ស៊ុន ចាន់ថុល ក៏បានធ្វើការផ្លាស់ប្តូរនូវនីតិវិធីក្នុងការជ្រើសរើសមន្រ្តីទៅកាន់តួនាទីសំខាន់ៗក្នុងក្រសួងតាមការប្រឡង និង  ការចាប់ឆ្នោតជាដើម ហើយក៏បានធ្វើការប្រយុទ្ធប្រឆាំងខ្លាំងជាមួយអំពើពុករលួយ និង ការងារបែបគ្រួសារ ឬ បក្ខពួកនិយម។

ទោះបីជាយ៉ាងណាលោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល នឹងត្រូវផ្លាស់ទៅគ្រប់គ្រងនៅក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្រោយចូល  ឆ្នាំខ្មែរនេះ បន្ទាប់ពីនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្រេចរុះរើគណៈរដ្ឋមន្រ្តី ដើម្បីប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិ បាលក្នុងការបម្រើប្រជាពលរដ្ឋ៕