(ភ្នំពេញ)៖ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានជួបពិភាក្សាការងារជាមួយ លោក Josef Weiddenholzer អនុគណៈកម្មាធិការទទួលបន្ទុកសិទ្ធិមនុស្ស​សភាអឺរ៉ុប នៅថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០១៦នេះ។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់អង្គភាព Fresh News មុននេះបន្តិចថា ជំនួបរវាង លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានជួបពិភាក្សាការងារជាមួយ លោក Josef Weiddenholzer អនុគណៈកម្មាធិការ ទទួលបន្ទុកសិទ្ធិមនុស្ស​សភាអឺរ៉ុប ទទួលបានផ្លែផ្កាគួរឲ្យកត់សំគាល់។

លោកបន្តថា ខាងភាគីសភាអឺរ៉ុប បានទទួលស្គាល់នូវដំណើរការអភិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ លោក Josef Weiddenholzer ក៏បានអរគុណដល់ភាគីកម្ពុជា ជាពិសេសគឺ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានឆ្លើយតបរាល់ចម្ងល់ ដែលសភាអឺរ៉ុបបានសាកសួរ នឹងបានផ្តល់ចម្លើយយ៉ាងក្បោះក្បាយ ហើយបានធ្វើឲ្យ EU ស្គាល់ពីនីតិវិធីនៃការគោរពច្បាប់នៅកម្ពុជា កាន់តែច្បាស់ជាងមុន។

អ្នកនាំពាក្យរូបនោះបានឲ្យដឹងទៀតថា លោក Josef Weiddenholzer អនុគណៈកម្មាធិការទទួលបន្ទុកសិទ្ធិមនុស្ស​សភាអឺរ៉ុប សង្ឃឹមថា ការសន្ទនារវាងក្រសួងយុត្តិធម៌ ជាមួយ EU នឹងនៅតែមានជាបន្តបន្ទាប់ទៀតនាថ្ងៃអនាគត៕