(ឧត្តរមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់ថវិកា ១០លានរៀល រួមនិងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ជូនដល់ប្រជាពលរដ្ឋមួយគ្រោះសារ ដែលជួបគ្រោះអគ្គិភ័យឆេះផ្ទះនៅ ភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង។

ថវិកា និងអំណោយគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗ ត្រូវបានលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និង ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត យកទៅប្រគល់ជូនដល់ដៃគ្រួសាររងគ្រោះនៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ ២០១៦នេះ។

ក្នុងឱកាសផ្តល់ប្រាក់ និងអំណោយផ្សេងៗនេះ លោក ស ថាវី បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានថ្លែងថា សម្តេចទាំងពីរតែងតែគិតគូរយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ពោលទីណាប្រជាពលរដ្ឋជួបការលំបាក ទីនោះតែងមានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

លោក ស ថាវី ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នរឿងភ្លើងធូប ភ្លើងទាន និងចរន្តអគ្គិសនី ដែលអាចបង្កជា គ្រោះអគ្គិភ័យឆេះបំផ្លាញទ្រព្យសម្បត្តិ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមីនា ផ្ទះរបស់លោក ហ៊ួត សារ៉ន អាយុ ៧៤ឆ្នាំ នៅតាមបណ្តោយផ្លូវលេខ៥ ភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ត្រូវបានភ្លើងឆេះ ដោយសារទុស្សេខ្សែភ្លើង។

លោក ហួត សារ៉ន និងភរិយា បន្ទាប់ពីទទួលបានការសង្រ្គោះរបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងក្តីរំភើបរីក រាយពន់ពេកចំពោះទឹកចិត្តសណ្តោសរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ លោក ហួត សារ៉ន បានថ្លែងថា រូបលោក និង ក្រុមគ្រួសារ មិនអាចបំភ្លេចបាននូវគុណបំណាច់នេះឡើយ ហើយចងចាំអស់មួយជីវិត៕