(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស និស្សិតក្រីក្រ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ពិត ចំណាន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធី «ទិវាវប្បធម៌» នៅសាកលវិទ្យាល័យភ្នំពេញ អន្តរជាតិ (PPIU) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ និងចែកប័ណ្ណសរសើរ ដល់និស្សិត នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦នេះ។
និស្សិតសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ(PPIU) គ្រប់ជំនាន់ប្រមាណជា២០០នាក់ និងក្រុមហ៊ុនផ្សេងៗទៀតជាច្រើន បានរៀបចំតាំងពិព័រណ៍ម្ហូបអាហារខ្មែរ វត្ថុអនុស្សាវរីយ៍ ចំនួន៣០ស្តង់ នៅទីធ្លាខាងមុខសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ នៅថ្ងៃទី០១ខែមេសា ឆ្នាំ២០១៦នេះ។ ការតាំងពិព័រណ៍នេះ មានម្ហូបអាហារ បង្អែម និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ជារបស់ខ្មែរយើង ដែលជាការរៀបចំ និងច្នៃប្រឌិត ដោយនិស្សិតផ្ទាល់។
លោកស្រី ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ បានមានប្រសាសន៍ថា ដើម្បីរក្សាបាននូវទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់យើង សាកលវិទ្យាល័យ បានរៀបចំកម្មវិធីកតញ្ញូតា ចំពោះមាតាបិតា និងទិវាវប្បធម៌ជាតិនេះឡើង ក្នុងគោលបំណងក្រើនរំឭក ដល់និស្សិត និងយុវជនជំនាន់ក្រោយ ឲ្យកាន់តែយល់ច្បាស់ ពីតម្លៃនៃវប្បធម៌ជាតិ និងខិតខំរៀនសូត្រ ដើម្បីតបស្នងសងគុណ មាតាបិតា ដែលខិតខំប្រឹងប្រែង ពុំខ្លាចនឿយហត់ ក្នុងកិច្ចការរកទទួលទាន ចិញ្ចឹមជីវិត និងផ្គត់ផ្គង់បុត្រធីតាឲ្យរៀនសូត្រ ដើម្បីអនាគតល្អ សម្រាប់ខ្លួន ក្រុមគ្រួសារ សង្គមជាតិ និងមនុស្សជាតិ។
លោកស្រីបានបន្តថា សាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិត នៅក្នុងសាកលវិទ្យាល័យទាំងអស់ បានប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និរាប់បាត ដើម្បីទទួលបានសិរីសួស្ដី ឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ហើយនេះជាទំនៀមទម្លាប់ប្រពៃណីជាតិ ជាកេរមរតក មិនអាចកាត់ថ្លៃបាន ដែលយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សា ឲ្យគងវង្សជានិរន្តរ៍។
ដោយឡែក លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរដល់និស្សិត ឆ្នើមទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ធ្វើជាគំរូល្អដល់សង្គមជាតិ និងគ្រួសារ ហើយការតស៊ូព្យាយាមថ្ងៃនេះ ប្អូននឹងឃើញលទ្ធផលល្អ នៅថ្ងៃអនាគត ។ ពិសេសជាងនេះ យើងត្រូវតែការពារឲ្យបាន នូវលទ្ធផលដែលយើងទទួលបានថ្ងៃនេះ ហើយត្រូវរៀនសូត្រ ពីទ្រឹស្ដីនៅក្នុងសាលា និងការអនុវត្តផ្ទាល់ នៅខាងក្រៅឲ្យបានច្រើន ទើបជាការប្រសើរ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្ត ដល់ប្អូនៗជានិស្សិតឆ្នើម ដែលបានទទួលប័ណ្ណសរសើរនៅថ្ងៃនេះ ឲ្យបន្តប្រឹងប្រែងដើម្បីជោគជ័យ បន្ថែមទៀត ។ ជាការពិតការសិក្សាទ្រឹស្ដី និងការអនុវត្តផ្ទាល់ ពិតជាមានលក្ខណៈខុសគ្នា និងមានការពិបាកម្យ៉ាងម្នាក់ ហើយយើងត្រូវការពារនូវអ្វី ដែលទទួលបានឲ្យបានល្អ គឺប្រៀបដូចជាកីឡាករ ប្រដាល់អ៉ីចឹង ព្រោះការទទួលបានខ្សែក្រវាត់ និងការការពារខ្សែក្រវាត់ គឺខុសគ្នា ពោលមុននឹងបានមក ត្រូវការពេលវេលា និងខិតខំប្រឹងប្រែងខ្លាំង ហើយពេលទទួលបាន ក៏ត្រូវតែការពារ ឲ្យបានល្អផងដែរ។
សូមបញ្ជាក់ថា ការរៀបចំកម្មវិធីនេះ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ក្នុងនោះមានការប្រគំតន្រ្តី សម្តែងសមត្ថភាព ការលែងល្បែងប្រជាប្រិយផ្សេងៗ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១០យប់ ។ កម្មវិធីនេះ ដើម្បីបណ្តុះទឹកចិត្ត យុវជនឲ្យស្រឡាញ់ជាតិ ថែរក្សាមរតកវប្បធម៌ប្រពៃណីជាតិ ដ៏បវរដែលមានតាំងពីយូរលង់មក ឲ្យស្ថិតស្ថេរគង់វង្ស ។
ក្នុងឱកាសនេះ មានរៀបចំពិធីផ្តល់ប័ណ្ណសរសើរ ជូនដល់ប្អូនៗនិស្សិតឆ្នើម ប្រចាំសាកលវិទ្យាល័យ ដើម្បីជំរុញលើកទឹកចិត្ត ផ្តល់កិត្តិយសសម្រាប់ប្អូនៗនិស្សិតឆ្នើម ដែលព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រ គោរពវិន័យសាលាបានល្អ ជាគំរូដល់និស្សិតដទៃទៀត និងនិស្សិតជំនាន់ក្រោយៗ ឲ្យកាន់តែខិតខំរៀនសូត្រ ថែមទៀត។ ជាពិសេសមានពិធីកតញ្ញូតាធម៌ ចំពោះមាតាបិតា ដែលគាត់ជាអ្នកឲ្យជីវិត ឲ្យសេចក្តីស្រឡាញ់ ឲ្យការកក់ក្តៅ ឲ្យទ្រព្យសម្បត្តិ ឲ្យទទួលបានការសិក្សា។ ដោយមានការក្រាបសំពះ សុំខមាទោសមាតាបិតា និងជូនបាច់ផ្កា ឬវត្ថុផ្សេងៗ ដល់លោកអ្នកមានគុណ៕