(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រសួងយុត្តិធម៌ និងភាគីពាក់ព័ន្ធពេលនេះ កំពុងសិក្សាលើការស្នើលើកលែងទោស និងបន្ធូរបន្ថយទោស ដល់ទណ្ឌិតនៅក្នុងពន្ធនាគារ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

លោក គឹម សន្តិភាព បានឱ្យដឹងថា «ករណីនេះ ក្រុមការងារបច្ចេកទេសកំពុងតែសិក្សា ខ្ញុំមិនទាន់អាចជំរាបជូនថាយ៉ាងម៉េចទេ គឺស្ថិតនៅក្នុងការពិភាក្សានៅឡើយ ដោយសារយើងទទួលបានសំណើពីរាជធានីខេត្តហើយ ប៉ុន្តែយើងកំពុងតែធ្វើការសិក្សានៅឡើយ»។ លោក គឹម សន្តិភាព បានអះអាងថា រហូតមកដល់ពេលនេះ ក្រសួងយុត្តិធម៌បានទទួលសំណើមកពីខេត្តចំនួន១២ ពាក់ព័ន្ធទៅនឹងការលើកលែងទោស និងបន្ធូបន្ថយទោសទណ្ឌិតនេះ។

សូមបញ្ជាក់ថា ក្នុងមួយៗឆ្នាំ កម្ពុជាបានលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន៣លើក រួមមាននៅបុណ្យចូលឆ្នាំ បុណ្យអុំទូក និងបុណ្យពិសាខបូជា។ ការលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតនេះ ធ្វើឡើងតាមសំណើរបស់នាយករដ្ឋមន្រ្តី។

ទោះជាយ៉ាងនេះក្តី នាពេលកន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានថា មិនឱ្យដាក់ស្នើលើកលែងទោស ឬបន្ធូរបន្ថយទោស សម្រាប់ទណ្ឌិតនៅក្នុងបទល្មើសប្លន់ប្រដាប់អាវុធ និងឈ្មួញគ្រឿងញៀនធំៗនោះទេ៕