(សៀមរាប)៖ រយៈពេល៣ខែដើម ឆ្នាំ២០១៦នេះ ពោលគឺចាប់ពីខែមករា ដល់ខែមីនា រមណីយដ្ឋានអង្គរ អាចរកចំណូល ចូលថវិកាជាតិប្រមាណជាង ២០លានដុល្លារអាមេរិក ពីការលក់បណ្ណទស្សនាតំបន់អង្គរ ជូនភ្ញៀវទេសចរបរទេស នេះបើតាមរបាយការណ៍របស់ គ្រឹះស្ថានអង្គរ ដែល Fresh News ទទួលបាន។
របាយការណ៍របស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា នៅខែមីនា ឆ្នាំ២០១៦ ភ្ញៀវទេសចរបរទេស បានទិញបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ មានចំនួន ២០៧,៥០៤នាក់ រកចំណូលបាន ៥,៩៩២,២០០ដុល្លារអាមេរិក ខណៈសម្រាប់ខែកុម្ភៈ ឆ្នាំ២០១៦ ភ្ញៀវទិញបណ្ណមានចំនួន ២៤៥,៨១៩នាក់ ត្រូវនឹងចំណូល ៧.២០៨,១៤០ដុល្លារអាមេរិក ហើយនៅខែមករា ឆ្នាំ២០១៦ ភ្ញៀវទិញបណ្ណមានចំនួន២៤៨,០៣៥នាក់ រកចំណូលបាន ៧,១៥១,២៦០ដុល្លារអាមេរិក។ ដូច្នេះសរុបទាំងបីខែមាន៖ ២០,៣៥១,៦០០ដុល្លារសហរដ្ឋអាមេរិក។