(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង អះអាងថា កូរ៉េខាងជើងបានប្រើប្រាស់សញ្ញារំខាន ដើម្បីវាយប្រហារដល់ប្រព័ន្ធ GPS របស់កូរ៉េខាងត្បូង រហូតដល់រសៀលថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Moon Sang-Gyun បានលើកឡើងទៀតថា ការប្រព្រឹត្តរបស់កូរ៉េខាងជើងនាប៉ុន្មានម៉ោងមុននេះ គឺជាចេតនាមួយដែលទីក្រុងព្យុងយ៉ាង ចង់បង្កអស្ថិរភាពនៅតំបន់ឧបទ្វីបកូរ៉េ តាមរយៈការបង្ហាញសមត្ថភាពរំខាន និងរារាំងដល់ប្រព័ន្ធ GPS របស់ប្រទេសកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា ការបង្អាក់ប្រព័ន្ធ GPS ពីសំណាក់កូរ៉េខាងជើងនេះ បានធ្វើឡើងតាំងពីយប់ថ្ងៃព្រហស្បតិ៍មកម្ល៉េះ ដោយក្នុងនោះតំបន់ព្រំដែនគ្មានយោធារវាងប្រទេសទាំងពី (MDL) បានទទួលរងការវាយ ដោយរលកសញ្ញា។ កូរ៉េខាងត្បូងបានព្រមានថា ប្រសិននាវា ឬយន្តហោះរបស់កូរ៉េខាងត្បូងណាមួយ ទទួលរងគ្រោះដោយសារទង្វើកូរ៉េខាងជើង នោះទីក្រុងសេអ៊ូល នឹងមិនអត់ឱន ឲ្យទីក្រុងព្យុងយ៉ាងនោះឡើយ៕