(កំពង់ឆ្នាំង)៖ មន្ត្រីការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែកញ្ញាឆ្នាំ ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារជំងឺអុតក្តាម និងជំងឺដុំពកស្បែក លើសត្វគោក្របីជូនប្រជាពលរដ្ឋនៅ ក្នុងភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។

ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់សត្វគោក្របី ខាងលើនេះដឹកនាំដោយលោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង ប្រធានកសិកម្ម និងលោក ក្រឹង សំអាត ប្រធានការិយាល័យ បសុព្យាបាលខេត្តកំពង់ឆ្នាំង រួមនឹងមន្ត្រីរាជការនៃមន្ទីរកសិកម្មខេត្ត និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។

នៅក្នុងពិធីនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត បានរាយការណ៍ឱ្យដឹងថា នៅក្នុងខេត្តកំពង់ឆ្នាំង មានសត្វគោ ក្របី សរុបជាង២០ម៉ឺនក្បាល ក្នុងនោះសត្វគោ ក្របី ដែលមានជំងឺមានចំនួនប្រមាណ៤ពាន់ក្បាល និងបានឈឺងាប់ចំនួន៣៣ក្បាល ព្យាបាលឱ្យជាសះស្បើយមានចំនួនជាង២ពាន់ក្បាល និងកំពុងព្យាបាលមានចំនួនជាង ២ពាន់ក្បាល។ ដោយឡែកនៅក្នុងថ្ងៃនេះ បានចាក់វ៉ាក់សាំងសត្វគោ ក្របី ជូនប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងតាសុខ ចំនួន២០០ក្បាល។

លោកថា ជំងឺដុំពកលើស្បែក គឺជាជំងឺប្រភេទថ្មី ដែលពុំទាន់មានថ្នាំសម្រាប់ព្យាបាលឱ្យបានច្បាស់លាស់នៅឡើយទេ។ ក្នុងការព្យាបាលជំងឺដុំពកលើស្បែក គឺយើងត្រូវដាក់សត្វឈឺឱ្យរស់នៅដោយឡែកដោយត្រូវ យកសាប៊ូម្សៅលាយនឹងទឹកលាងសត្វ ដែលឈឺនោះឱ្យបានស្អាតទើបលាបថ្នាំលើដុំពួកនោះ នេះគឺជាវិធីព្យាបាលសត្វគោ ក្របី ដែលមានជំងឺដុំពក។ បញ្ហាប្រឈម គឺសត្វគោតូច និងសត្វគោដែលផើម ត្រូវយកចិត្តទុកដាក់ថែទាំ និងព្យាបាលឱ្យបានដិតដល់ទើ បឆាប់ជាសះស្បើយ។

ក្នុងឱកាសនោះដែរលោកស្រី ប៊ន សុភី អភិបាលរងខេត្ត បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ត្រូវនាំយកសត្វគោ ក្របី មកចាក់វ៉ាក់សាំង ក្នុងយុទ្ធនាការនេះឱ្យបានទាន់ពេលវេលា និងត្រូវយកចិត្តទុកដាក់ព្យាបាលជំងឺសត្វគោ ក្របី តាមការណែនាំរបស់មន្ត្រីជំនាញ ហើយបើមានសត្វគោ ក្របីងាប់ សូមកុំបរិភោគសាច់សត្វដែលឈឺនោះ ដែលអាចនាំឱ្យឆ្លងរាលដាលជំងឺផ្សេងៗទៀតដល់មនុស្ស និងសត្វ នៅក្នុងមូលដ្ឋាន។

បន្ថែមពីនេះទៀត លោកស្រីអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋសូមចូលរួមទាំងអស់គ្នាទប់ស្កាត់ និងការពារជំងឺកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជួន គឺអនុវត្តឱ្យបានវិធានការ «៣កុំ និង៣ការពារ»។

ក្នុងពិធីនេះដែរ មន្ត្រីជំនាញក៏បានចែកថ្នាំព្យាបាល និងសម្ភារសម្រាប់ប្រើប្រាស់ព្យាបាលសត្វគោ ក្របី ដល់មន្ត្រីពេទ្យសត្វស្រុក ពេទ្យសត្វឃុំ និងពេទ្យសត្វភូមិផងដែរ។ បន្ទាប់មកមន្ត្រីជំនាញក៏បានចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមក្រោលគោ ក្របី របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិត្រពាំងតាសុខនេះផងដែរ៕