(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក បានបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន៨កញ្ចប់ នៅវេលាម៉ោង១១៖១០នាទីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះគ្មានលេខផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

លោក ម៉ៅ ចាន់ថុន នាយរងផ្នែកនគរបាល ព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យពាក់ព័ន្ធជួញដូរគ្រឿងញៀនឈ្មោះ ផាម យ៉ាំងថាន់ អាយុ៤៣ឆ្នាំ មានមុខរបរមិនពិតប្រាកដស្នាក់នៅចំណុចកើតហេតុខាងលើ។

លោក ម៉ៅ ចាន់ថុន បានឲ្យដឹងទៀតថា ដោយមានការបញ្ជាពីលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ ព្រមទាំងមានការដឹកនាំ បង្ក្រាបផ្ទាល់ពីលោក អ៊ីវ ឈុនផេង អធិការរងខណ្ឌឫស្សីកែវ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌសហការ និងកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្វាយប៉ាក​ បន្តស៊ើបអង្កេតករណីគ្រឿងញៀន ឈានដល់ការបើកប្រតិបត្តិការបង្ក្រាបឃាត់ខ្លួន ជនជួញដូរម្នាក់ ដោយដកហូតថ្នាំញៀនចំនួន៨កញ្ចប់ថង់តូច ដែលជនត្រូវជាប់សង្ស័យ បានរក្សាទុកធ្វើសកម្មភាពផ្ដល់ការចែកចាយ និងជួញដូរនូវសារធាតុញៀន ដោយខុសច្បាប់។

សូមបញ្ជាក់ថា ជនត្រូវសង្ស័យរួម និងវត្ថុតាងគ្រឿងញៀនត្រូវបានបញ្ជូនទៅឃុំខ្លួន សាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕