(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយលោក ហុង គីជុល (Hong Ki Chol) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចំានៅកម្ពុជា ដែលត្រូវចប់អាណត្តិ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០១៦នេះ នៅវិមានរដ្ឋសភា។
នៅក្នុងជំនួបសវនាការនោះ ប្រធានរដ្ឋសភានៃកម្ពុជា សម្តេចពញាចក្រី ហេង សំរិន បានប្រាប់ទៅកាន់ លោកឯកអគ្គរដ្ឋទូត សុំអញ្ជើញរដ្ឋសភាកូរ៉េខាងជើង ចូលរួមមហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី៩ ដែលសភាកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ម្តងទៀតនាចុងឆ្នាំ ២០១៦ខាងមុខនេះ។
ក្នុងជំនួបនោះដែរ លោក ហុង គីជុល បានលើកឡើងពី ចំណងមិត្តភាពរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ បានកើតមានជាយូរមកហើយ ក្រោមព្រះរាជកិច្ចរបស់ អតីតព្រះមហាក្សត្រកម្ពុជា គឺសម្តេចព្រះមហាវីរៈក្សត្រ នរោត្តម សីហនុ និង លោក សេនាប្រមុខលោក គឹម យុងអ៊ីល ។
លោក ហុង គីជុល ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណ ដល់សម្តេចប្រធាន ដែលបានចំណាយ ពេលវេលា ជួបសវនាការ និង ពិភាក្សាការងារជាមួយ គណៈប្រតិភូរដ្ឋសភាសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ ដែលនេះជាការបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការ យកចិត្តទុកដាក់របស់សម្តេច ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព រដ្ឋសភាប្រទេសទំាងពីរ។
សម្តេច ហេង សំរិន បានវាយតម្លៃខ្ពស់ ចំពោះបេសកកម្មការទូត របស់លោក ហុង គីជុល នៅក្នុងអាណត្តិកន្លងមកនេះ ដែលបានខិតខំពង្រឹង ទំនាក់ទំនង ជាប្រពៃណីនៃប្រទេសទំាងពីរ ឲ្យមានការរីកចម្រើន។
សម្តេចសង្ឃឹមថា ចំណងមិត្តភាពនេះ នឹងបន្ត ថែរក្សាតាមរយៈបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ នៅអាណត្តិក្រោយៗទៀត៕