(បាត់ដំបង)៖ បុសម្នាក់បានស្លាប់ភ្លាមៗ នៅក្នុងរណ្ដៅរ៉ែមាសចាស់ ដែលគេហាមឃាត់មិនឲ្យជីក បន្ទាប់ពីជនរងគ្រោះខាងលើ និងគ្នីគ្នា៣នាក់ទៀត បាននាំគ្នាលបលួចចូលទៅជីក យកដីរ៉ែនៅពេលយប់ បណ្ដាលឲ្យបាក់ដីសង្កត់លើ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតនៅទល់មុខភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះ នួន ទ្រា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិអូរល្ហុង ឃុំអូររំដួលស្រុកភ្នំព្រឹក ជាអ្នកចុះទៅក្នុងរណ្តៅ ដែលមានជម្រៅបង្គួរ។ ចំណែកគ្នីគ្នា៣នាក់ទៀត មិនត្រូវបានគេស្គាល់ឈ្មោះនោះឡើយ ដោយគ្រាន់តែដឹងថា ជាអ្នកភូមិជាមួយគ្នា។
សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅពាក់កណ្ដាលអាធ្រាត្រថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ជនរងគ្រោះនិងអ្នកភូមិ៣នាក់ទៀត បាននាំគ្នាទៅលួចជីកយកដីរ៉ែមាស នៅក្នុងរណ្ដៅរ៉ែចាស់ខាងលើ ដែលអាជ្ញាធរហាមឃាត់។ ក្នុងនោះខណៈជនរងគ្រោះខាងលើ ចុះទៅបាតរណ្ដៅ ដើម្បីកាយយកអាចម៍ដីរ៉ែច្រកបាវ ស្រាប់តែបាក់ដីសង្កត់លើតែម្ដង ហើយបក្ខពួកដែលនៅខាងលើខិតខំកាយដី ជួយសង្គ្រោះដែរ តែអាចម៍ដីច្រើនពេក កាយមិនអស់រហូតដល់ព្រឹកឡើង ទើបអ្នកភូមិ និងសមត្ថកិច្ចទៅជួយអន្តរាគមន៍ កាយយកសពជនរងគ្រោះបាន៕